កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន បានស្រក់ទឹកភ្នែកនៅចំពោះមនុស្សរាប់ពាន់នាក់ ក្នុងព្រឹត្តិការណ៍ទិវាមាតាជាតិនៅទីក្រុងព្យុងយ៉ាង ដោយគាត់បានអង្វរឱ្យស្ត្រីគ្រប់រូបបង្កើតកូនឱ្យបានច្រើន ដើម្បីបញ្ឈប់បញ្ហានៃការថយចុះអត្រាកំណើត។
យោងតាមប្រភពព័ត៌មាន Independent ដែលបានរាយការណ៍នៅថ្ងៃទី៦ ខែធ្នូថ្មីៗនេះថា ប្រធានាធិបតីរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានយំនៅចំពោះមុខអ្នកម្តាយកូរ៉េខាងជើងរាប់ពាន់នាក់ ក្នុងព្រឹត្តិការណ៍ទិវាមាតាជាតិនៅទីក្រុងព្យុងយ៉ាង ដោយគាត់បាននិយាយថា “ជូនចំពោះអ្នកម្តាយគ្រប់រូប ចូរយើងជួយបញ្ឈប់ការធ្លាក់ចុះអត្រាកំណើតនិងរក្សាសុខភាពកូនឱ្យល្អ។ វាជាការងាររបស់យើង ហើយយើងត្រូវមើលថែ និងសហការជាមួយម្តាយផ្សេងទៀត»។
មេដឹកនាំផ្តាច់ការរូបនេះក៏បានបន្តទៀតថា ក្រៅពីអត្រាកំណើតធ្លាក់ចុះ ម្ដាយក៏ត្រូវធ្វើការជាមួយគ្នាដើម្បីប្រឈមនឹងបញ្ហាសង្គម ដូចជាការលុបបំបាត់អាកប្បកិរិយាមិនស្របតាមគោលការណ៍សង្គមនិយម ចូរយើងរួមគ្នាបង្កើតភាពសុខដុមរមនាក្នុងគ្រួសារ និងឯកភាពក្នុងសង្គម ក៏ដូចជាជួយបង្កើតផ្លូវជីវិតដែលពោរពេញទៅដោយសីលធម៌ និងវប្បធម៌ ដោយជួយគ្នាទៅវិញទៅមក។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសកូរ៉េខាងជើងមានប្រជាជនប្រហែល ២៥ លាននាក់ ដោយអ្នកជំនាញជឿថាចំនួនប្រជាជនរបស់ប្រទេសនេះនឹងបន្តធ្លាក់ចុះដោយសារតែកង្វះអាហារធ្ងន់ធ្ងរ ដែលជាលទ្ធផលនៃគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ដែលបំផ្លាញការប្រមូលផលជាដើម។ ដូច្នេះហើយ អត្រាកំណើតនៅក្នុងប្រទេសកូរ៉េខាងជើងគឺមានត្រឹមតែ ១.៨ ហើយត្រូវបានគេជឿថានឹងបន្តធ្លាក់ចុះបន្ថែមទៀត នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ៕










