បរទេស៖ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មហាសេដ្ឋីរបស់ពិភពលោកជាច្រើននាក់ បានកំពុងរៀបចំផ្ទេរទ្រព្យសម្បត្តិទៅឱ្យកូនៗរបស់ពួកគេ។
យោងតាមគេហទំព័រ CNBC ដែលបានចុះផ្សាយកាលពីថ្ងៃទី១ ខែធ្នូថា មហាសេដ្ឋីចំនួន ១,០០០ នាក់នឹងផ្ទេរទ្រព្យសម្បត្តិចំនួន ៥,២០០ ពាន់លានដុល្លារទៅឱ្យកូនៗរបស់ពួកគេក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ លោក Benjamin Cavalli ប្រធានផ្នែកអតិថិជនយុទ្ធសាស្រ្ត និងការគ្រប់គ្រងទ្រព្យសម្បត្តិសកលនៅ UBS បានពន្យល់ថា “ការផ្ទេរទ្រព្យសម្បត្តិកំពុងទទួលបានសន្ទុះយ៉ាងខ្លាំង នៅពេលដែលពាណិជ្ជករមហាសេដ្ឋីរបស់ពិភពលោកជាច្រើននាក់មានអាយុកាន់ច្រើន” ដោយពួកគេគិតថាតើទ្រព្យសម្បត្តិរបស់ពួកគេនឹងទៅជាយ៉ាងណានៅពេលដែលពួកគេស្លាប់ ហេតុនេះហើយទើបពួកគេសម្រេចផ្ទេរទ្រព្យសម្បត្តិទៅឱ្យកូនៗរបស់ពួកគេ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះការផ្ទេរទ្រព្យសម្បត្តិបានកើនឡើងនៅគ្រប់ភូមិសាស្ត្រទាំងអស់ដូចជានៅអាស៊ីប៉ាស៊ីហ្វិក ទ្រព្យសម្បត្តិជាមធ្យមនៃអ្នកស្នងមរតកគឺ ២ ពាន់លានដុល្លារ រីឯនៅអាមេរិក អ្នកស្នងមរតកមានទ្រព្យសម្បត្តិជាមធ្យម ២.២ ពាន់លានដុល្លារ ចំណែកនៅទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិកវិញ ទ្រព្យសម្បត្តិជាមធ្យមនៃអ្នកស្នងមរតកគឺ ៤.៤ ពាន់លានដុល្លា។
ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្ទង់មតិរបស់ UBS បានរកឃើញថា មហាសេដ្ឋីជំនាន់ទី ៣ ចំនួន ៣ ភាគ ៥ បាននិយាយថា កង្វល់ដ៏ធំបំផុតរបស់ពួកគេគឺការបញ្ជូនបន្តដល់កូនៗរបស់ពួកគេនូវតម្លៃ ការអប់រំ និងបទពិសោធន៍ដែលត្រូវការដើម្បីគ្រប់គ្រង។ មហាសេដ្ឋីម្នាក់បានប្រាប់ក្រុមការស្ទង់មតិ UBS ថា “បញ្ហាចម្បងជាមួយមនុស្សជំនាន់ក្រោយគឺការអប់រំពួកគេឱ្យមានមហិច្ឆតា”។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នចំនួនមហាសេដ្ឋីទូទាំងពិភពលោកបានកើនឡើង ៧% ដល់ ២,៥៤៤ នាក់ ដោយទ្រព្យសកម្មសរុបរបស់ពួកគេបានកើនឡើង ៩% ដល់ ១២,០០០ ពាន់លានដុល្លារ ដោយសារការស្ទុះងើបឡើងវិញនៃភាគហ៊ុន និងអចលនទ្រព្យបន្ទាប់ពីការរាតត្បាត៕










