បរទេស៖ វៀតណាម និងសហព័ន្ធអារ៉ាប់រួម (UAE) បានឈ្នះពានរង្វាន់ជាគោលដៅបេតិកភណ្ឌឈានមុខគេលើពិភពលោកក្នុងឆ្នាំ ២០២៣។
យោងតាមប្រភពព័ត៌មាន Vnexpress ដែលបានរាយការណ៍នៅថ្ងៃទី៣ ខែធ្នូថា វៀតណាមបានវ៉ាដាច់បេក្ខភាពអាមេនី ប្រេស៊ីល អេហ្ស៊ីប ក្រិក ជប៉ុន និងអារ៉ាប៊ីសាអូឌីត ដើម្បីឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ នៅក្នុងកម្មពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោកកាលពីថ្ងៃទី២ ខែធ្នូកន្លងទៅ។ នៅក្នុងឆ្នាំ ២០១៩, ២០២០, និង២០២១ វៀតណាមក៏ត្រូវបានផ្តល់កិត្តិយសក្នុងចំណាត់ថ្នាក់បេតិកភណ្ឌឈានមុខគេរបស់ពិភពលោកផងដែរ។
ដូច្នេះហើយ គោលដៅទេសចរណ៍ចំនួន៥ ដែលទាក់ទាញបំផុតរួមមានទីក្រុងហាណូយ ម៉ុកចូវ តាំដាវ ហាណាម ភូក្វុក និងវិញភុក។ ដោយរដ្ឋធានីហាណូយបានឈ្នះពានរង្វាន់ សម្រាប់ទិសដៅវិស្សមកាលរយៈពេលខ្លីឈានមុខគេលើពិភពលោកជាលើកទីបីជាប់ៗគ្នា ក៏ដូចជាវ៉ាដាច់បេក្ខជនខ្លាំងៗផ្សេងទៀតដូចជា ឌូបៃ ហុងកុង ឡាសវេហ្គាស ញូវយ៉ក សិង្ហបុរី ស៊ីដនី និងតូក្យូ។ ចំណែកឯ Tam Dao និង Vinh Phuc បានទទួលពានរង្វាន់ជាទីក្រុងទេសចរណ៍ឈានមុខគេលើពិភពលោកជាលើកទីពីរ។ រីឯ Moc Chau Son La វិញទទួលបានពានរង្វាន់ទិសដៅធម្មជាតិក្នុងស្រុកឈានមុខគេលើពិភពលោក។ សម្រាប់ខេត្ត Ha Nam វិញក៏បានទទួលពានរង្វាន់ជាទិសដៅវប្បធម៌មូលដ្ឋានកំពូលជាលើកដំបូង។ ចំពោះ Phu Quoc គឺជាកោះធម្មជាតិឈានមុខគេរបស់ពិភពលោក។
គួរបញ្ជាក់ដែរថា ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) គឺជាពានរង្វាន់ឈានមុខគេរបស់ពិភពលោកដែលត្រូវបានគេចាត់ទុកថាជា “អូស្ការនៃឧស្សាហកម្មទេសចរណ៍” ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៣ មកម្លេះ។ ព្រឹត្តិការណ៍នេះមានគោលបំណងផ្តល់កិត្តិយស រង្វាន់ និងទទួលស្គាល់ភាពល្អឥតខ្ចោះក្នុងវិស័យទេសចរណ៍ ដោយមានច្រើនប្រភេទរួមមាន សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ ការធ្វើដំណើរ គោលដៅ និងឧទ្យានជាដើម៕










