ប្រទេសម៉ាឡេស៊ី ៖ សភាតំណាងរាស្ត្រម៉ាឡេស៊ីបានអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការជក់បារី ក្នុងគោលបំណងការពារយុវជនម៉ាឡេស៊ីពីផលប៉ះពាល់ដោយសារផលិតផលមានសារធាតុនីកូទីន ដូចជា ឧបករណ៍ជក់បារីអេឡិចត្រូនិក (Vaping Devices) ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ។
សេចក្តីព្រាងច្បាប់នេះបានស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោកស្រី Zaliha Mustafa ។ លើសពីនេះ លោកស្រីក៏បានស្នើឱ្យប្រទេសម៉ាឡេស៊ីហាមឃាត់ការលក់ដូរ និងទិញផលិតផលថ្នាំជក់, ឧបករណ៍សម្រាប់ជក់បារី, ផលិតផលជំនួសថ្នាំជក់ និងការផ្តល់សេវាកម្មផ្សេងៗដល់យុវជនម៉ាឡេស៊ី ដែលពាក់ព័ន្ធនឹងការជក់បារី ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោកស្រី Zaliha Mustafa លើកឡើងថា ៖ «ច្បាប់នេះនឹងគ្រប់គ្រងផលិតផលថ្នាំជក់មួយចំនួន ដូចជា ៖ ថ្នាំជក់កែច្នៃ ឬផលិតផលថ្នាំជក់គ្រប់ប្រភេទដែលបានវេចខ្ចប់ដើម្បីលក់ឱ្យអតិថិជន ។ រីឯសារធាតុផ្សំនៅក្នុងបារីដូចជា សារធាតុនីកូទីន និងសារធាតុផ្សេងទៀត ត្រូវបានគេប្រទះឃើញនៅក្នុងបារីអេឡិចត្រូនិក និងផលិតផលជំនួសថ្នាំជក់ ដែលគេអាចយកមកជក់បាន» ។
លោកស្រី Zaliha Mustafa បន្តថា ប្រទេសម៉ាឡេស៊ីនឹងហាមឃាត់រាល់ការផ្សាយពាណិជ្ជកម្ម, ការជំរុញឱ្យជក់បារី និងការគាំទ្រផលិតផលថ្នាំជក់ ។ បច្ចុប្បន្ន ម៉ាឡេស៊ីបានចាត់វិធានការគ្រប់គ្រងផលិតផលទាំងអស់ ដូចជា បារីអេឡិចត្រូនិក, ផលិតផលថ្នាំជក់, សារធាតុសម្រាប់ជក់បារី និងផលិតផលជំនួសថ្នាំជក់ផងដែរ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្ថែមថា ច្បាប់នេះក៏បានកំណត់ឱ្យក្រុមហ៊ុននាំចូល និងក្រុមហ៊ុនផលិតថ្នាំជក់ទាំងអស់ត្រូវចុះបញ្ជីផលិតផលនីមួយៗ ដែលផលិតសម្រាប់លក់នៅប្រទេសម៉ាឡេស៊ី ។ ដូច្នេះ វាជាវិធានការដ៏សំខាន់មួយដើម្បីកត់ត្រាទិន្នន័យជាក់លាក់ និងលម្អិតរបស់ផលិតផល ព្រមទាំងកំណត់ឱ្យពលរដ្ឋម៉ាឡេស៊ីអនុវត្តច្បាប់ក្នុងប្រទេស ដូចជា ការកំណត់ផលិតផលមិនបានចុះបញ្ជីត្រឹមត្រូវ ៕










