បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក បានលុបគណនីក្លែងក្លាយចំនួន ៤,៨០០ នៅក្នុងប្រទេសចិន ដោយសារតែគណនីយទាំងនោះបានធ្វើការផ្សព្វផ្សាយមាតិកាមិនល្អ ក៏ដូចជាមានភាពលំអៀងអំពីនយោបាយសហរដ្ឋអាមេរិក។
យោងតាមប្រភពព័ត៌មាន Aljazeera ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែធ្នូថ្មីៗនេះថា ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook និង Instagram បានធ្វើការលុបគណនីណាដែលផ្សព្វផ្សាយ ឬបង្ហោះជាភាសាអង់គ្លេសអំពីនយោបាយអាមេរិក ធ្វើឱ្យជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងអាមេរិក-ចិន។ ដូច្នេះគណនីដែលតែងតែរិះគន់ភាគីទាំងសងខាងនៃវិសាលគមនយោបាយរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Meta នឹងធ្វើការលុបចោលតែម្តង។
Meta បាននិយាយថា បណ្តាញគណនីទាំងអស់របស់ Meta ត្រូវបានចែករំលែកដោយសេរីសម្រាប់តែព័ត៌មានពិតតែប៉ុណ្ណោះ។ ដូច្នេះចំពោះការបង្ហោះ ឬចែករំលែកព័ត៌មានមិនពិតអំពីអ្នកនយោបាយ ក្រុមហ៊ុននឹងស្រាវជ្រាវស្វែងរកតាមបណ្តាញព័ត៌មានក្រោមអត្តសញ្ញាណក្លែងក្លាយរបស់អ្នកប្រើប្រាស់ ហើយ Meta នឹងបិទគណនីក្លែងក្លាយនោះចោលភ្លាមៗ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានបន្តទៀតថា ខ្លួនក៏បានបិទបណ្តាញដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីក្នុងត្រីមាសទី ៣ ផងដែរ ដោយសារតែការផ្សព្វផ្សាយខ្លឹមសារអំពីការលុកលុយរបស់រុស្ស៊ីទៅកាន់អ៊ុយក្រែន និងដំណើរការម៉ាកយីហោ “ប្រព័ន្ធផ្សព្វផ្សាយ” ប្រឌិត។
មូលហេតុដែលក្រុមហ៊ុន Meta តឹងរឹងបែបនេះគឺដោយសារមានជនខិលខូចជាច្រើនបានប្រើប្រាស់បណ្តាញសង្គមមួយនេះ ដើម្បីបំបែកបំបាក់ឱ្យមានការមិនចុះសម្រុងគ្នារវាងនយោបាយនៅតាមប្រទេសនីមួយៗ ក៏ដូចជាបំផ្លាញការជឿទុកចិត្តលើស្ថាប័នរបស់រដ្ឋាភិបាល ភាពស្អិតរមួតក្នុងសង្គម និងបំផ្លាញដំណើរការប្រជាធិបតេយ្យជាដើម។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ព្រឹទ្ធសភាអាមេរិក និងទីប្រឹក្សាពិសេសបានរកឃើញថា ចិនបានប្រើប្រាស់បណ្តាញសង្គមនេះសម្រាប់ផ្សព្វផ្សាយព័ត៌មានមិនល្អ និងរារាំងក៏ដូចជាជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤៕










