បរទេស៖ អ្នកធ្វើដំណើរភាគច្រើន បាននិយាយថា ទីក្រុងប៉ាតាយ៉ាប្រទេសថៃ គឺជាតំបន់ទេសចរណ៍ដែលគ្មានសុវត្ថិភាពសម្រាប់ស្ត្រី។
យោងតាមគេហទំព័រអន្តរជាតិ INSIDER បានរាយការណ៍ថា អ្នកធ្វើដំណើរជុំវិញពិភពលោកវ័យក្មេងម្នាក់ ដែលជាជនជាតិអាមេរិកបានដាក់ឈ្មោះទីក្រុងប៉ាតាយ៉ាថាជាគោលដៅទេសចរណ៍គ្មានសុវត្ថិភាពលេខ១ រួមជាមួយនឹងចំណាត់ថ្នាក់នៃតំបន់ទេសចរណ៍ដែលមិនមានសុវត្ថិភាពកំពូលទាំង ៥ លើពិភពលោក។ Chloe Jade ដែលជាអ្នកមានឥទ្ធិពលជនជាតិអាមេរិកម្នាក់បានចងក្រងឯកសារធ្វើដំណើរជុំវិញពិភពលោករបស់នាងនៅលើ Instagram ដោយនាងតែងតែចែករំលែកបទពិសោធនៃការដើរម្នាក់ឯង ឬដើរទោល។
នៅលើ Instagram របស់Chloe មានអ្នកគាំទ្រជាង ១៥០,០០០នាក់ ហើយបច្ចុប្បន្ននាងបានទៅលេងប្រទេសជាង ៨០ ដោយការធ្វើដំណើរម្នាក់ឯង ដើម្បីជួបមនុស្ស និងទទួលបទពិសោធន៍ពីវប្បធម៌ថ្មីៗ។ ក្នុងនោះ Chloe Jade បាននិយាយថា នាងចូលចិត្តដើរផ្សងព្រេងម្នាក់ឯងខ្លាំងណាស់ ហើយកន្លែងដែលនាងគិតថា គ្មានសុវត្ថិភាពបំផុតសម្រាប់ស្ត្រីក្នុងការដើរម្នាក់ឯងនោះគឺទីក្រុងប៉ាតាយ៉ាប្រទេសថៃ ដែលជាគោលដៅទេសចរណ៍លេខ ១ ធ្វើឱ្យនាងមិនមានសុវត្ថិភាពក្នុងការដើរម្នាក់ឯង ព្រោះតំបន់នោះគឺជាកន្លែងនៃការរួមភេទរបស់ប្រទេសថៃ ដូច្នេះបុរសដែលទៅទីក្រុងប៉ាតាយ៉ា ភាគច្រើនគឺមានគោលដៅតែមួយប៉ុណ្ណោះ។
Chloe Jade បានបន្តទៀតថា ចំណាត់ថ្នាក់លេខ ២ គឺទីក្រុង Belgrade ប្រទេសស៊ែប៊ី ព្រោះនៅតំបន់នោះ មនុស្សជាច្រើនបានងាកមើលនាងក្នុងផ្លូវអវិជ្ជមាន ដែលជាហេតុធ្វើឱ្យនាងមានអារម្មណ៍ថាមិនមានសុវត្ថិភាព។ ចំណែកចំណាត់ថ្នាក់លេខ ៣ វិញគឺទីក្រុងប៉ារីសប្រទេសបារាំង ដោយ Chloe បាននិយាយថាពេលនាងទៅប៉ារីស នាងមានបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចជាមួយបុរសម្នាក់ គាត់បង្ខំនាងឱ្យផឹកជាមួយគាត់ រហូតដល់នាងមានអារម្មណ៍ថាឈឺ រហូតមកដល់សព្វថ្ងៃនេះ នាងនៅតែគិតថាដូចជាត្រូវបានគេបំពុល ដូច្នេះហើយនាងបានដាស់តឿនស្ត្រីដែលធ្វើដំណើរតែម្នាក់ឯងឱ្យមានការប្រុងប្រយ័ត្ន ។
រីឯចំណាត់ថ្នាក់លេខ ៤ គឺ Marrakech ប្រទេសម៉ារ៉ុក ព្រោះនៅក្នុងប្រទេសនោះមានប្លង់ទីក្រុងបង្កើតផ្លូវតូចៗធ្វើឱ្យវាគួរឱ្យខ្លាចក្នុងការដើរម្នាក់ឯង ហើយបុរសជាច្រើនមានចរិតឆេវឆាវខ្លាំងណាស់។ ចំពោះចំណាត់ថ្នាក់លេខ ៥ ដែលជាចំណាត់ថ្នាក់ចុងក្រោយវិញគឺ Kingston ប្រទេស Jamaica ដោយ Chloe បាននិយាយថា នៅពេលដែលនាងទៅដល់ប្រទេសនោះ អ្នកស្រុកដែលនាងបានជួប តែងតែរំលឹកអំពីកន្លែងដែលអ្នកមិនគួរទៅ។ ក្រោយមក នាងក៏ត្រូវជួបនឹងឧប្បត្តិហេតុមួយដែលធ្វើឱ្យខ្លួននាងមានអារម្មណ៍ថាគ្មានសុវត្ថិភាព ដូច្នេះស្ត្រីដេលមានបំណងដើរម្នាក់ឯងត្រូវប្រុងប្រយ័ត្នបន្ថែមទៀតពេលនៅទីសាធារណៈ៕










