យោងទៅតាមគណនីផ្លូវការរបស់ឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅត្រង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងតែផ្តល់ជូនការងារដល់កម្មករនិយោជិតចំនួន ២៥ ៦០០នាក់។
តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ត្រឹមខែសីហា ឆ្នាំ២០២៣នេះ មានគម្រោងវិនិយោគសរុបប្រមាណ ២៣១គម្រោង (ដំណើរការសកម្មភាពចំនួន ១០៤គម្រោង) ក្រោមទុនវិនិយោគប្រមាណ ១.៥៤២លានដុល្លារអាមេរិក។
រីឯទិសដៅនៃការវិនិយោគមានដូចជា៖ សំបកកង់រថយន្ត បន្ទះសូឡា ក្តារបន្ទះ សម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ គ្រឿងចក្រលើកដាក់ទំនិញ ដែកទីប បរិក្ខារពេទ្យ ក្តារប៉ាកេ គ្រឿងសង្ហារឹម សម្ភារៈបរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ សម្ភារៈការពាររាងកាយ សម្ភារៈបរិក្ខារកីឡា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្រោមពូក សម្ភារៈការពារអគ្គីភ័យ សម្លៀកបំពាក់ ស្បែកជើង កាបូប វ៉ាលី សំបកវេចខ្ចប់ កាវ និងទឹកថ្នាំជាដើម។
គួរបញ្ជាក់ផងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទីតាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានផ្ទៃដីទំហំ ១១១៣ហិកតា ដែលបានចាប់ផ្តើមដំណើរការកាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ មកម្លេះ៕












