ប្រទេសចិន ៖ ពិធីជប់លៀងបរិភោគអាហារនៅលើតុវែង ត្រូវបានគេរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរការប្រមូលផលដំណាំផ្សេងៗ និងអបអរឆ្នាំថ្មី សម្រាប់ក្រុមជនជាតិហានីរស់នៅខេត្តយូណាន ដែលស្ថិតនៅទិសនិរតីប្រទេសចិន ។
ពិធីជប់លៀងនេះបានរៀបចំឡើងនៅទីក្រុងលូឈិន ដែលមានជនជាតិហានីរស់នៅជាច្រើននាក់ ។ នៅឆ្នាំ២០២៣ គេបានរៀបចំពិធីជប់លៀងយ៉ាងពិសេស ក្នុងនោះមានការរៀបចំតុអាហាររហូតដល់ទៅ៤.០៦៥តុ សម្រាប់ឱកាសប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃទីក្រុងលូឈិន ។
ក្នុងពិធីនេះ គេបានឃើញភ្ញៀវទេសចរជាច្រើននាក់បានមកចូលរួមជាមួយនឹងស្លៀកពាក់បែបបុរាណដ៏ស្រស់ស្អាត ។ ភ្ញៀវទេសចរប្រាប់ថា ពួកគេមិនធ្លាប់ឃើញការរៀបចំតុអាហារ ដែលមានប្រវែងរហូតដល់២គីឡូម៉ែត្រ ទៅ៣គីឡូម៉ែត្របែបនេះទេ ហើយពួកគេមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលបានមកចូលរួមអបអរសាទរក្នុងពិធីនេះ ។
ពិធីជប់លៀងតុវែងរបស់ជនជាតិហានី ក៏បានបង្ហាញពីភាពខុសប្លែកគ្នា និងវប្បធម៌ម្ហូបអាហារដ៏មានតម្លៃផងដែរ ។ ម្ហូបអាហារដែលគេយកមកទទួលភ្ញៀវក្នុងពិធី គឺជាអាហារប្រចាំតំបន់ មានដូចជា សាច់មាន់រសជាតិបែបជនជាតិហានី និងដង្កូវឫស្សីចៀន ។ ភ្ញៀវទេសចរប្រាប់ថា ពួកគេចូលចិត្តរសជាតិបាយដំណើបជាមួយសាច់ក្រក និងម្ហូបអាហារហឹរត្រូវមាត់ ។
ក្រៅពីការអបអរសាទរឆ្នាំថ្មី និងការបរិភោគម្ហូបអាហារមានរសជាតិពិសេសហើយ ពិធិជប់លៀងតុវែងនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់តម្លៃដល់ប្រវត្តិសាស្ត្រ ដែលជនជាតិហានីរួមគ្នាថែរក្សាមរតកដូនតា និងវប្បធម៌ប្រពៃណីអស់រយៈពេលជាង១.០០០ឆ្នាំ ។ ហេតុនេះ ពួកគេនឹងបានលាឆ្នាំចាស់ ឆ្នាំ២០២៣ និងស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៤ ប្រកបដោយសេចក្តីសុខ និងភាពកក់ក្តៅ ៕










