កញ្ញា ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ បន្ទាប់ពីបំពេញបេសសកម្មតំណាងប្រទេសលើឆាកអន្តរជាតិរួចត្រូវបានហ្វេនៗជំរុញឱ្យស្រីស្អាតរូបនេះចូលប្រកួតកម្មវិធី Miss Grand Cambodia វិញម្តង។ ឆ្លើយតបជាមួយអ្នកគាំទ្រដោយមិនស្ទាក់ស្ទើរ សុទីម៉ា បាននិយាយថា៩០ភាគរយនាងគ្មានបំណងប្រកួតកម្មវិធីនេះទេដោយសារតែខ្លួនចូលចិត្តកម្មវិធីបែបសង្គមជាង។
តាមរយៈវីដេអូខ្លីដែលបានចែកចាយនៅលើបណ្តាញសង្គមទិកតុក អ្នកគាំទ្ររបស់ ចន សុទីម៉ា បានជំរុញឱ្យនាងចូលប្រកួតកម្មវិធី Miss Grand Cambodia វិញម្តង ដោយបវរកញ្ញារូបនេះបានឆ្លើយតបថា «មិនប្រាកដ ប៉ុន្តែ៩០ភាគរយគឺមិនចូលប្រកួតព្រោះនឿយហត់ណាស់ណាមួយមិនមែនជាកម្មវិធីដែលខ្លួនស្រលាញ់ ខ្លួនមិនពូកែកម្មវិធីទេប៉ុន្តែកម្មវិធីនេះមិនសូវត្រូវជាមួយនាងណាមួយមិនសូវស្រលាញ់»។ ទីម៉ា បាននិយាយថានាងចូលចិត្តបែបធម្មតា ស្រគត់ស្រគុំ និងសង្គមជាង មិនសូវចូលចិត្តកម្មវិធីបែបសប្បាយៗនោះទេ។
ទោះបីជាលើកនេះ ចន សុទីម៉ា បដិសេធមិនចូលប្រកួត Miss Grand ប៉ុន្តែកាលពីឆ្នាំ២០១៧ នាងក៏ធ្លាប់បានប្រកួតកម្មវិធីនេះផងដែរព្រមទាំងបានជាប់លំដាប់រងទី២។ អាចថានេះជាបទពិសោធដែលខ្លួនធ្លាប់បានប្រកួតហើយទើប ទីម៉ា និយាយថាកម្មវិធីនេះមិនត្រូវជាមួយខ្លួន។ ទន្ទឹមនឹងនេះ មុននឹងបានមកុដ Miss Universe Cambodia2023 ទីម៉ា បានប្រកួត Miss Universe Cambodia 2019 ដោយជាប់លំដាប់រងទី២ និងបានទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Tourism International 2019 ជាប់TOP5ផងដែរ។
គូសបញ្ជាក់ថា ចន សុទីម៉ា បានតំណាងកម្ពុជាចូលប្រកួត Miss Universe លើកទី៧២ លើទឹកដី El Salvador ដែលទើបបញ្ចប់មកថ្មីៗនេះទោះបីជាលទ្ធផលរបស់នាងមិនបានចូលTOPនៅក្នុងកម្មវិធីក្តី ប៉ុន្តែអ្នកគាំទ្រនៅតែពេញចិត្តនិងមានមោទនភាពចំពោះសមត្ថភាពរបស់ ចន សុទីម៉ា ក្នុងការតំណាងឱ្យកម្ពុជាឈរលើឆាកដ៏អស្ចារ្យក្នុងចំណោមបវរកញ្ញាមកពីជាង៨០ប្រទេស៕










