សារព័ត៌មានថៃផ្សាយថា កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៥.៧ នៅប្រទេសមីយ៉ាន់ម៉ា ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះបានកើតឡើងនៅរដ្ឋឆាន ដែលស្ថិតនៅជិតបរិវេណព្រំដែនប្រទេសមីយ៉ាន់ម៉ាជាប់ជាមួយប្រទេសចិន, ឡាវ និងថៃ ហើយវាមានចម្ងាយពីទីក្រុងឈៀងទុង ប្រមាណ៧៦គីឡូម៉ែត្រ ។
គ្រោះរញ្ជួយដីលើកនេះបានបង្កើតកម្លាំងរំញ័រឆ្ងាយរហូតដល់ប្រទេសវៀតណាម និងតំបន់ភាគខាងជើងប្រទេសថៃ ជាពិសេស នៅខេត្តឈៀងម៉ៃ និងខេត្តឈៀងរ៉ាយ ។ គេបានឃើញអគារសិក្សាជាច្រើនរង្គឺ រហូតដល់កូនសិស្សត្រូវប្រញាប់រត់ចេញពីអគារ ឬលូនចូលក្រោមតុ ដោយសារពេលកើតហេតុ គឺជាពេលដែលកូនសិស្សកំពុងរៀនក្នុងថ្នាក់ ។
សារព័ត៌មានវៀតណាមរាយការណ៍ថា ពលរដ្ឋដែលរស់នៅជាន់លើរបស់អាផាតមិនខ្ពស់ៗជាច្រើនកន្លែងនៅទីក្រុងហាណូយប្រាប់ថា ពួកគេមានអារម្មណ៍វិលមុខ ហើយបានឃើញអំពូលភ្លើងនៅលើជញ្ជាំងមានបញ្ហា២នាទី ខណៈវត្ថុផ្សេងៗបានផ្លាស់ទី ។ រីឯស្ថាប័នធរណីវិទ្យារបស់វៀតណាមរាយការណ៍ថា ពួកគេនឹងបន្តតាមដានស្ថានការណ៍គ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ។
ហេតុការណ៍គ្រោះរញ្ជួយដីនេះ ជំហានដំបូង នៅមិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីការខូចខាត និងអ្នករ.ងរបួ.សទេ ។ ប៉ុន្តែគេរំពឹងថា គ្រោះរញ្ជួយដីកម្រិតមធ្យមនេះ នឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ដោយវាគ្រាន់តែធ្វើឱ្យវត្ថុផ្សេងៗធ្លាក់ចុះមកក្រោម និងកញ្ចក់បង្អួចបែកប៉ុណ្ណោះ ។
គេចាត់ទុកថា មីយ៉ាន់ម៉ាជាប្រទេសមួយដែលបានកើតរញ្ជួយដីច្រើនបំផុតនៅលើពិភពលោក ហើយរដ្ឋឆាន គឺជាកន្លែងកើតរញ្ជួយដីញឹកញាប់ជាងគេ ។ កាលពីខែមិថុនា ឆ្នាំ២០២៣ ប្រទេសមីយ៉ាន់ម៉ាបានកើតគ្រោះរញ្ជួយដីខ្នាតតូចមួយនៅទីក្រុងឈៀងទុង ៕
ប្រភព ៖ TNN World










