ការដាក់ពាក្យសម្ងាត់ (Password) សម្រាប់គណនីផ្ទាល់ខ្លួននៅក្នុងបណ្តាញសង្គមឱ្យងាយស្រួលចាំសម្រាប់មនុស្សគ្រប់គ្នា គឺជារឿងល្អ ព្រោះពួកគេនឹងអាចចងចាំវាបានច្បាស់ ។ ប៉ុន្តែវាក៏មានគុណវិបត្តិខ្លាំងផងដែរ បន្ទាប់ពីក្រុមហ៊ុន Nordpass ជាក្រុមហ៊ុនផ្តល់សេវាកម្មគាំទ្រអ្នកប្រើប្រាស់អនឡាញ ដើម្បីបង្កើតពាក្យសម្ងាត់ផ្ទាល់ខ្លួនឱ្យមានសុវត្ថិភាព បានបង្ហាញរបាយការណ៍មួយបញ្ជាក់អំពី «ការកំណត់ពាក្យសម្ងាត់» ។

របាយការណ៍នេះលើកឡើងថា ពាក្យសម្ងាត់ដ៏ពេញនិយម ដែលមនុស្សទូទៅបានប្រើប្រាស់ច្រើនបំផុតជារៀងរាល់ឆ្នាំ គឺពួកគេកំណត់ឡើងឱ្យងាយស្រួលចាំ ហើយពាក្យសម្ងាត់ទាំងនេះមិនបានឆ្លងកាត់ការគិតអ្វីច្រើនទេ ។ ហេតុនេះ ធ្វើឱ្យគណនីក្នុងបណ្តាញសង្គមភាគច្រើនប្រឈមនឹងគេលួចចូលយ៉ាងងាយស្រួល ។

ពាក្យសម្ងាត់ដែលមនុស្សទូទៅប្រើប្រាស់ច្រើនបំផុត គឺលេខ «123456» ហើយមានគណនីដែលប្រើប្រាស់ពាក្យសម្ងាត់ទាំងនេះ រហូតដល់៤លាន៥សែនគណនី ។ ក្រុមហ៊ុន Nordpass បញ្ជាក់ថា ពាក្យសម្ងាត់បែបនេះអាចធ្វើឱ្យអ្នកប្រើប្រាស់ងាយស្រួលចាំ និងមិនងាយភ្លេច ។ ប៉ុន្តែបើគណនីពួកគេស្ថិតក្នុងគោលដៅចារកម្មទិន្នន័យ គឺគណនីទាំងនេះនឹងត្រូវគេលួចចូលបានក្នុងរយៈពេលត្រឹមតែ១វិនាទីប៉ុណ្ណោះ ។What is Hacking? | Hacking Definition | Avast

បន្ទាប់មក មនុស្សភាគច្រើនចូលចិត្តដាក់ពាក្យសម្ងាត់ថា «Admin» ដែលពាក្យសម្ងាត់នេះ មានអ្នកប្រើប្រាស់រហូតដល់ជាង៤លានគណនី ។ រីឯពាក្យសម្ងាត់ជាតួលេខ ក៏មានការពេញនិយមពីមនុស្សទូទៅដែរ ដូចជា ៖ «1234» ឬ «12345678» ឬ «123456789» ។ ដូច្នេះ ពាក្យសម្ងាត់ទាំងនេះ គេចំណាយពេលត្រឹមតែ១វិនាទីប៉ុណ្ណោះ គឺអាចចូលក្នុងគណនីរបស់អ្នកណាម្នាក់យ៉ាងងាយស្រួល ។

ក្រៅពីការដាក់ពាក្យសម្ងាត់ជាតួលេខ ពាក្យសម្ងាត់ជាពាក្យពេចន៍ផ្សេងៗ ដូចជា «password», «P@ssw0rd» និង «qwertyuiop» ក៏ត្រូវបានគេលួចចូលក្នុងរយៈពេលមិនដល់១វិនាទីដូចគ្នា ។ ចំណែកពាក្យសម្ងាត់ដែលគេចំណាយពេលវេលាចូលគណនីយូរបន្តិច គឺពាក្យសម្ងាត់ «UNKOWN» គឺគេបានចំណាយពេលរហូតដល់១៧វិនាទី ។Anatomy of a hack: even your 'complicated' password is easy to crack |  WIRED UK

ក្រុមហ៊ុន Nordpass បញ្ជាក់ថា បើចង់ឱ្យគណនីផ្ទាល់ខ្លួនមានសុវត្ថិភាព និងពិបាកឱ្យគេលួចយកទិន្នន័យនោះ គួរតែជាពាក្យសម្ងាត់ដែលប្រើប្រាស់តួអក្សរ និងតួលេខ២០តួ ក្នុងនោះមានទាំងអក្សរតូច និងអក្សរធំលាយឡំគ្នា ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា យើងពុំគួរប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតរបស់យើងមកធ្វើជាពាក្យសម្ងាត់ទេ ៕ ប្រភព ៖ Mono News