បរទេស៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo បានប្រកាសថា ប្រទេសនេះនឹងបិទច្រកព្រំដែនចំនួន ៤ ក្នុងចំណោមច្រកព្រំដែនចំនួន ៩ ជាមួយរុស្ស៊ី ដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួនដែលបានឆ្លងកាត់ព្រំដែន។
យោងតាមប្រភពព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកាថា រដ្ឋាភិបាលហ្វាំងឡង់បានសម្រេចចិត្តបិទច្រកព្រំដែនមួយចំនួននៅព្រំដែនភាគខាងកើត ដោយចាប់ផ្តើមបិទពីព្រឹកព្រលឹមថ្ងៃទី ១៨ ខែវិច្ឆិកានេះតទៅ។ ដូច្នេះច្រកព្រំដែនដែលត្រូវបានបិទនោះគឺ Vaalimaa, Nuijamaa, Imatra និង Niirala ដែលស្ថិតនៅលើព្រំដែនដីរវាងហ្វាំងឡង់ និងរុស្ស៊ី ដោយច្រកព្រំដែនទាំងនេះ ច្រើនតែជាចំណុចចរាចរណ៍ដ៏មមាញឹកបំផុតរវាងប្រទេសទាំងពីរ។
រដ្ឋាភិបាលហ្វាំងឡង់បាននិយាយថា កន្លងមកមានមនុស្សប្រហែល ៣,០០០ នាក់បានឆ្លងកាត់ច្រកព្រំដែនភាគអាគ្នេយ៍នៃប្រទេសហ្វាំងឡង់ជារៀងរាល់ថ្ងៃ។ ដោយប្រទេសហ្វាំងឡង់បានកត់ត្រាជនភៀសខ្លួនដែលគ្មានឯកសារត្រឹមត្រូវប្រហែល ១៣១ នាក់កាលពីសប្តាហ៍មុន។ យោងតាមទីភ្នាក់ងារព្រំដែនហ្វាំងឡង់ បានឱ្យដឹងដែរថា មនុស្សទាំងនេះមិនមែនជាពលរដ្ឋរុស្ស៊ីនោះទេ ប៉ុន្តែភាគច្រើនមកពីមជ្ឈិមបូព៌ា ដូចជាអ៊ីរ៉ាក់ យេម៉ែន សូម៉ាលី និងស៊ីរី ឆ្លងកាត់ក្នុងប្រទេសរុស្ស៊ីមុនពេលចូលប្រទេសហ្វាំងឡង់ដោយគ្មានទិដ្ឋាការ។
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo បានយល់ឃើញថា ការបិទព្រំដែននឹងធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែលំបាកសម្រាប់អ្នកដែលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើររវាងហ្វាំងឡង់ និងរុស្ស៊ី។ គាត់ក៏បានបន្តទៀតថា រុស្ស៊ីអាចនឹងមានចេតនា ដើម្បីធ្វើឱ្យប្រទេសហ្វាំងឡង់មានអស្ថិរភាព ដូច្នេះយើងសម្រេចថានឹងបិទច្រកព្រំដែនមួយរយៈដើម្បីឱ្យស្ថានភាពនេះស្ងប់ស្ងាត់ឡើងវិញ។
គួរបញ្ជាក់ដែរថា ហ្វាំងឡង់ គឺជាប្រទេសដែលមានប្រជាជន ៥.៥ លាននាក់ នឹងមានព្រំដែនសរុប ១.៣០០ គីឡូម៉ែត្រជាមួយរុស្ស៊ី ។ ព្រំដែនរវាងប្រទេសទាំងពីរនេះ ពីមុនមកត្រូវបានដំឡើងដោយរបងទាបៗ ជាចម្បងដើម្បីការពារគោក្របី និងសត្វចិញ្ចឹមកុំឱ្យរត់ចេញពីស្រុកប៉ុណ្ណោះ៕










