ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានចុះផ្សាយហេតុការណ៍គួរឱ្យតក់ស្លុតមួយនៅកណ្តាលរោងភាពយន្តប្រទេសឥណ្ឌា ពេលក្រុមអ្នកគាំទ្រតារាសម្តែងប្រុសឈ្មោះ Salman Khan នាំគ្នាដុតកាំជ្រួចនៅកណ្តាលរោងភាពយន្ត ក្នុងអំឡុងពេលមនុស្សជាច្រើនកំពុងអង្គុយទស្សនាភាពយន្តរឿង «Tiger 3» ។ ការដុតកាំជ្រួចនេះ ក្នុងគោលបំណងបង្ហាញការអបអរសាទរពេលលេចមុខតារាសម្តែងល្បីនៅលើផ្ទាំងក្រណាត់ ។
សារព័ត៌មានឥណ្ឌារាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងរោងភាពយន្ត «Mohan Cinema» ស្ថិតនៅទីក្រុង Malecon រដ្ឋ Maharashtra ប្រទេសឥណ្ឌា ។ វីដេអូហេតុការណ៍នេះបានបង្ហាញពីមនុស្សម្នាជាច្រើននាក់កំពុងរត់ជាន់ជើងគ្នាចេញពីរោងភាពយន្តដោយការភ័យខ្លាច ក្រោយពីក្រុមអ្នកគាំទ្រតារាសម្តែងមួយក្រុម កំពុងរង់ចាំការបង្ហាញមុខរបស់តារាសម្តែងល្បីឈ្មោះលេខឡើងក្នុងផ្ទាំងក្រណាត់ បន្ទាប់មក ពួកគេក៏ចាប់ផ្តើមដុតកាំជ្រួចតែម្តង ។
ការដុតកាំជ្រួចនេះមិនបានធ្វើឱ្យមនុស្សក្នុងរោងភាពយន្តរីករាយជាមួយទេ ផ្ទុយទៅវិញ មនុស្សជាច្រើននាក់បានរត់ទៅរកផ្លូវចេញដោយភាពភ័យខ្លាច ខណៈរោងភាពយន្តពោរពេញទៅដោយកាំជ្រួចគ្រប់កន្លែង ។ ក្នុងអំឡុងពេលនោះ គេបានឮសំឡេងយំស្រែក និងសំឡេងគាំទ្រលាន់ឡើងព្រមគ្នា ហើយធ្វើឱ្យរោងភាពយន្តត្រូវផ្អាកបញ្ចាំងរឿងត្រឹមនេះ ។
ទោះយ៉ាងណា ហេតុការណ៍ដូចគ្នានេះធ្លាប់បានកើតឡើងនៅតាមរោងភាពយន្តជាច្រើនកន្លែងទៀតក្នុងប្រទេសឥណ្ឌា ទើបធ្វើឱ្យតារាសម្តែងប្រុសឈ្មោះ Salman Khan បានសរសេរសារក្នុងបណ្តាញសង្គម X (Twitter) ដើម្បីថ្កោលទោសហេតុការណ៍នេះថា ៖ «ខ្ញុំបានជ្រាបព័ត៌មានការដុតកាំជ្រួចក្នុងរោងភាពយន្តពេលកំពុងបញ្ចាំងរឿង Tiger 3 ប៉ុន្តែការប្រព្រឹត្តនូវទង្វើនេះគ្រោះថ្នាក់ណាស់ ។ សូមអ្នកទាំងអស់គ្នារីករាយជាមួយខ្សែភាពយន្ត ដោយមិនធ្វើឱ្យខ្លួនឯង និងអ្នកដទៃស្ថិតក្នុងគ្រោះថ្នាក់ ។ សូមឱ្យមានសុវត្ថិភាព» ។
សារព័ត៌មានឥណ្ឌាចុះផ្សាយបន្ថែមថា បច្ចុប្បន្ន ប៉ូលិសឥណ្ឌាបានចោទប្រកាន់អ្នកគាំទ្រតារាសម្តែងពីបទល្មើសខុសនឹងមាត្រា៤៣៥ ឬការបង្កគ្រោះថ្នាក់ដោយសារភ្លើង ឬឧបករណ៍ផ្សេងទៀត ក្នុងគោលបំណងបង្កការខូចខាត ឬការប្រព្រឹត្តទង្វើដែលនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ឬសុវត្ថិភាពអ្នកដទៃ ។![]()
លោក Salman Khan គឺជាតារាសម្តែងខ្សែភាពយន្ត និងបុគ្គលិកប្រចាំទូរទស្សន៍ ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅប្រទេសឥណ្ឌា ។ លោកបានទទួលរង្វាន់ជាច្រើន ហើយលោកជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលមានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោក កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៨ ។ ហេតុនេះ អ្នកទស្សនាជាច្រើននាក់បានរង់ចាំទស្សនាខ្សែភាពយន្តរឿង Tiger 3 ភាគថ្មី ដែលដឹកនាំការផលិតដោយក្រុមហ៊ុន Yash Raj Films ក្នុងនោះមានលោក Salman Khan និងអ្នកនាង Katrina Kaif សម្តែងជាតួឯក ៕ ប្រភព ៖ khaosod










