ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ូលិសអន្តោប្រវេសន៍ប្រចាំខេត្តសមុទ្រប្រាកាន បានសហការជាមួយមន្ត្រីសុខាភិបាលប្រចាំខេត្តសមុទ្រប្រាកាន ប្រទេសថៃ ដោយយកដីការបស់តុលាការមកឆែកឆេរលំនៅឋានមួយកន្លែងស្ថិតនៅស្រុកបាងសៅធុង ខេត្តសមុទ្រប្រាកាន ។ ការចុះត្រួតពិនិត្យលំនៅឋាននេះ ក្រោយពីប៉ូលិសស៊ើបអង្កេតឃើញថា វាជាកន្លែងលាក់ទុកផលិតផលគ្រឿងសម្អាង និងលក់ចែកចាយនៅប្រទេសថៃដោយខុសច្បាប់ ។
ប៉ូលិសលើកឡើងថា អ្នកលក់ផលិតផលគ្រឿងសម្អាងនេះ គឺជាស្ត្រីជនជាតិខ្មែរ មានអាយុ៣០ឆ្នាំ ។ ផលិតផលគ្រឿងសម្អាងមានដូចជា សាប៊ូដុំដុសខ្លួន, ឡេលាបស្បែក និងផលិតផលថែរក្សាស្បែក ចំនួនជាង៣.២០០ប្រភេទ ហើយប៉ូលិសបញ្ជាក់ថា ផលិតផលទាំងនេះមិនបានចុះឈ្មោះក្នុងបញ្ជីតាមច្បាប់ប្រទេសថៃទេ ។
ស្ត្រីជនជាតិខ្មែរទទួលស្គាល់ថា ខ្លួនបានកុម្ម៉ង់ទិញផលិតផលទាំងនេះមកពីប្រទេសកម្ពុជា និងថៃ បន្ទាប់មក នាងយកមកលក់តាមអនឡាញ ។ ចំណែកអតិថិជនភាគច្រើន គឺជាពលករខ្មែរ និងពលករមកពីប្រទេសជិតខាងថៃ ។ ចំណែកប្រាក់ចំណេញវិញ គឺនាងទទួលបានមិនក្រោម១៥.០០០បាតទេក្នុង១ខែ ហើយនាងបានប្រកបមុខរបរលក់ផលិតផលតាមអនឡាញ អស់រយៈពេលជាង៣ឆ្នាំហើយ ។
លោកវរសេនីយ៍ឯក Chinwut Tangwonglert នាយកការិយាល័យប៉ូលិសអន្តោប្រវេសន៍ប្រចាំខេត្តសមុទ្រប្រាកាន លើកឡើងថា តាមរយៈការត្រួតពិនិត្យឯកសាររកឃើញថា ស្ត្រីខ្មែរម្នាក់នេះបានលួចលក់ផលិតផលគ្រឿងសម្អាងនៅតាមបណ្តាញសង្គមផ្សេងៗ និងមានអ្នក Followers ចំនួនជាង៦ម៉ឺននាក់ ។ ហេតុនេះ លោកក៏បានស្នើសុំដីកាពីតុលាការដើម្បីធ្វើការស្រាវជ្រាវ និងចាប់ខ្លួនស្ត្រីខាងលើ ។
ជំហានដំបូង ប៉ូលិសបានចោទប្រកាន់ពីបទល្មើសទាក់ទងនឹងច្បាប់ការងារជនបរទេសនៅប្រទេសថៃ រួមទាំងច្បាប់ផលិតផលគ្រឿងសម្អាងផងដែរ ។ បន្ទាប់មក ប៉ូលិសក៏បានចាប់ខ្លួនស្ត្រីខ្មែរ ព្រមទាំងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យស៊ើបអង្កេតឱ្យចាត់វិធានការតាមច្បាប់បន្តទៀត ៕
ប្រភព ៖ Mono News










