សារព័ត៌មានបរទេសរាយការណ៍ថា មាននារីបម្រើការនៅលើយន្តហោះម្នាក់បានចែករំលែកបទពិសោធន៍របស់នាងនៅក្នុងបណ្តាញសង្គម ព្រមទាំងផ្តាំផ្ញើថា ពេលចូលសម្រាកក្នុងសណ្ឋាគារ យើងមិនគួរមើលរំលងក្រោមគ្រែទេ ។ គួរតែពិនិត្យមើលនៅក្រោមគ្រែសម្រាកដើម្បីសុវត្ថិភាព និងចៀសវាងហេតុការណ៍មិនល្អនឹកស្មានពុំដល់ ។
នារីរូបនេះបានបង្ហោះសារក្នុងបណ្តាញសង្គមថា នាងជាបុគ្គលិកបម្រើការនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ European Airlines ហើយនាងមានបទពិសោធន៍ចូលសម្រាកក្នុងសណ្ឋាគារជាច្រើនកន្លែងនៅទូទាំងពិភពលោក ។ នាងបានសង្កត់ធ្ងន់លើសុវត្ថិភាពផ្ទាល់ខ្លួនថា នៅពេលអ្នករាល់គ្នាចូលសម្រាកក្នុងសណ្ឋាគារ រឿងដំបូងដែលត្រូវធ្វើមុនគេនោះ គឺការបោះដបទឹកចូលទៅក្រោមគ្រែ ដើម្បីឱ្យប្រាកដចិត្តថា តើបន្ទប់នេះមានសុវត្ថិភាពសម្រាប់ស្នាក់នៅដែរឬទេ?
នាងពន្យល់ថា ការបោះដបទឹកចូលទៅក្រោមគ្រែ គឺជាវិធីមួយដើម្បីឱ្យយើងអាចដឹងយ៉ាងងាយថា តើមានអ្នកណាម្នាក់សម្ងំលាក់ខ្លួននៅក្រោមគ្រែដែរឬអត់? ព្រោះនៅពេលបោះដបទឹកចូលក្រោមគ្រែ បើគ្មានអ្វីនៅក្រោមនោះទេ ដបទឹករបស់យើងនឹងរមៀលទៅជ្រុងម្ខាងទៀត ។ ប៉ុន្តែបើវាមិនរមៀលមកជ្រុងម្ខាងទៀតទេ មានន័យថា មានអ្នកណាម្នាក់សម្ងំនៅក្រោមគ្រែ ហើយចាប់ដបទឹករបស់យើងទុក ពេលនោះ គឺយើងកំពុងស្ថិតក្នុងស្ថានការណ៍អាក្រក់បំផុត ។ ដូច្នេះ នាងសូមណែនាំឱ្យអ្នករាល់គ្នាប្រញាប់ចេញពីបន្ទប់ និងទូរស័ព្ទទាក់ទងទៅខាងសន្តិសុខសណ្ឋាគារភ្លាមៗ ។
ក្រៅពីនេះ ពេលយើងបោះដបទឹកចូលក្រោមគ្រែនឹងធ្វើឱ្យយើងដឹងថា តើបន្ទប់ក្នុងសណ្ឋាគារស្អាតមានអនាម័យដែរឬអត់ ព្រោះបើគេមិនបានសម្អាតបន្ទប់គ្រប់កន្លែងទេ នៅក្រោមគ្រែនឹងសម្បូរធូលី និងភាពកខ្វក់ ។ លើសពីនេះ នៅក្រោមគ្រែអាចជាកន្លែងរស់នៅរបស់សត្វផ្សេងៗ ដូចជា ស្រមោច, កន្លាត និងសង្កើចផងដែរ ដែលធ្វើឱ្យអ្នកចូលសម្រាកឆ្លងមេរោគបាន ។
ចុងក្រោយ នារីបម្រើការលើយន្តហោះនិយាយថា នៅក្រោមគ្រែក្នុងបន្ទប់សណ្ឋាគារ ក៏អាចជាកន្លែងដែលអ្នកណាម្នាក់លាក់ទុករបស់របរខុសច្បាប់ ។ ដូច្នេះ ការពិនិត្យមើលនៅក្រោមគ្រែពេលយើងចូលសម្រាកក្នុងបន្ទប់សណ្ឋាគារ គឺជាវិធីដំបូងជួយឱ្យយើងអាចការពារខ្លួនបានយ៉ាងមានប្រសិទ្ធភាព ៕ ប្រភព ៖ khaosod










