មនុស្សភាគច្រើនសុទ្ធតែប្រឈមនឹងបញ្ហាផ្លូវចិត្ត ឬផ្លូវកាយ ប៉ុន្តែនៅតែបង្ខំញញឹម និងសើច ហើយតែងតែនិយាយថាមិនអីទេទាំងដែលខ្លួនកំពុងបាក់ទឹកចិត្ត។ ដូច្នេះ នៅពេលដែលយើងមានអារម្មណ៍មិនល្អរាងកាយរបស់យើងនឹងប្រព្រឹត្តតាមរបៀបចម្លែក ដែលអ្នកមិនសូវជាចាប់អារម្មណ៍នោះទេ។ ហេតុនេះហើយ ខាងក្រោមនេះគឺជាសញ្ញាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដែលធ្វើឱ្យយើងកាន់តែហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត៖
១.ខឹងញឹកញាប់៖ ប្រសិនបើអ្នកត្រូវរស់នៅជាមួយភាពសោកសៅយូរ ស្ថានភាពផ្លូវចិត្តរបស់អ្នកនឹងមិនរឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយភាពស្មុគស្មាញនៃជីវិតនោះទេ។ ដូច្នេះការអត់ធ្មត់របស់អ្នកនឹងមានកម្រិតទាប ហើយអ្នកអាចមានអារម្មណ៍ខឹងខ្លាំង នៅពេលដែលជួបរឿងបន្តិចបន្តួច។
២.ឆាប់មានអារម្មណ៍ធុញទ្រាន់៖ នៅពេលដែលអ្នកនៅក្បែរនរណាម្នាក់ ឬកំពុងធ្វើអ្វីមួយគឺអ្នកឆាប់មានអារម្មណ៍ធុញទ្រាន់ហើយចង់នៅម្នាក់ឯង នឹងមិនចង់ធ្វើអ្វីទាំងអស់ ដែលនោះគឺជាសញ្ញាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ ធ្វើឱ្យអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងងាយស្រួល។
៣.និយាយយឺតជាងមុន៖ នៅពេលអ្នកសោកសៅ អ្នកនឹងមិនមានអារម្មណ៍ចង់និយាយជាមួយនរណាម្នាក់ទេ ដែលនេះនឹងធ្វើឱ្យអ្នកធុញទ្រាន់ក្នុងការផ្លាស់ប្តូរយោបល់ជាមួយមនុស្សផ្សេងទៀត។ ដូច្នេះនៅពេលចាប់ផ្តើមការសន្ទនាជាមួយនរណាម្នាក់ អ្នកនឹងឆ្លើយតបយឺតជាងធម្មតា ហើយអ្នកនឹងមានអារម្មណ៍ថាអ្នកមិនរីករាយនឹងការសន្ទនាឡើយ។
៤.មានអារម្មណ៍ឈឺខ្នង៖ នៅពេលអ្នកមានអារម្មណ៍ស្មុគស្មាញ អារម្មណ៍នៃសម្ពាធត្រូវបានបញ្ជូនទៅឆ្អឹងខ្នង ហើយនោះជាមូលហេតុដែលអ្នកមានអារម្មណ៍ឈឺចាប់នៅខាងក្រោយខ្នង ឬឈឺខ្នងរ៉ាំរ៉ៃ បន្ទាប់មកកើនឡើងជាលំដាប់ ទៅស្មានិងក។
៥.មានបញ្ហាក្នុងការគេង៖ ការគេងឱ្យបានគ្រប់គ្រាន់គឺល្អបំផុតចំពោះសុខភាពរាងកាយរបស់យើង ប្រសិនបើអ្នកមានបញ្ហាក្នុងការគេងរយៈពេលយូរអាចធ្វើឱ្យអ្នកកាន់តែហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត។
៦.មានអារម្មណ៍ឈឺក្បាលគ្រប់ពេល៖ សម្រាប់មនុស្សដែលជួបរឿងមិនល្អជាច្រើន ពេលចិត្តយើងក្រៀមក្រំ វានឹងប៉ះពាល់ដល់អារម្មណ៍ និងគំនិតរបស់អ្នក ធ្វើឱ្យអ្នកមិនមានអារម្មណ៍រីករាយ។ ដូច្នេះអ្នកក៏ចាប់ផ្តើមដោយការឈឺក្បាល ហើយរាលដាលតាមពេលវេលា បន្ថែមពីលើការឈឺក្បាល អ្នកក៏នឹងជួបបញ្ហាជ្រុះសក់ផងដែរ៕