ប្រទេសថៃ ៖ វាជាដំណឹងដ៏រីករាយសម្រាប់ពលរដ្ឋរស់នៅប្រទេសថៃ នៅពេលលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានបញ្ជាក់ថា រដ្ឋាភិបាលនឹងដំណើរការគម្រោង «ប្រាក់៣០បាតអាចព្យាបាលគ្រប់ជំងឺ» ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋថៃគ្រប់រូប ។ បច្ចុប្បន្ន គម្រោងនេះសម្រេចបានជោគជ័យ៨០% ហើយ ជំហានដំបូង រដ្ឋាភិបាលនឹងសាកល្បងគម្រោងនៅខេត្តចំនួន៤ ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានសរសេរសារមួយនៅក្នុងបណ្តាញសង្គម X (Twitter) បញ្ជាក់ថា ៖ «ខ្ញុំបានដំណើរការគម្រោងប្រាក់៣០បាតអាចព្យាបាលគ្រប់ជំងឺ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេសថៃឱ្យកាន់តែល្អប្រសើរជាងមុន» ។
សារព័ត៌មានប្រទេសថៃរាយការណ៍ថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក៏បានភ្ជាប់ជាមួយ Link បទសម្ភាសន៍របស់លោក Suraphong Suebwonglee ក្នុងឋានៈជាលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ប្រព័ន្ធសុខភាពជាតិ អំពីការដំណើរការគម្រោងនេះផងដែរ ។ លោកនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា ពលរដ្ឋអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃតែមួយគត់ ដើម្បីព្យាបាលគ្រប់ជំងឺទាំងអស់នៅប្រទេសថៃ ហើយវាជំរុញដល់គោលនយោបាយរបស់គណបក្សភឿថៃ ។
នេះបញ្ជាក់ថា គម្រោងខាងលើសម្រេចជោគជ័យបាន៨០%ហើយ ដោយជំហានដំបូង រដ្ឋាភិបាលចាប់ផ្តើមអនុវត្តនៅខេត្តចំនួន៤ ហើយនៅឆ្នាំ២០២៤ គម្រោងនេះនឹងរួចរាល់១០០% ។ ដូច្នេះ គេរំពឹងថា នៅថ្ងៃអនាគត អ្នកដែលមានសិទ្ធិប្រើប្រាស់គម្រោងនេះ គឺមន្ត្រីរាជការ និងអ្នកឈ្មោះក្នុងប្រព័ន្ធសន្តិសុខសង្គម ។
គួរបញ្ជាក់ថា គម្រោង «ប្រាក់៣០បាតអាចព្យាបាលគ្រប់ជំងឺ» ឬឈ្មោះជាផ្លូវការគឺ «គម្រោងធានារ៉ាប់រងសុខភាពជាសកល» ឬ «សិទ្ធិកាតមាស» ដែលជាគោលនយោបាយរបស់រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ រដ្ឋាភិបាលថៃបានបង្កើតគម្រោងនេះឡើង ក្នុងគោលបំណងឱ្យពលរដ្ឋមានធានារ៉ាប់រងសុខភាព គឺពួកគេអាចទទួលយកសេវាកម្មព្យាបាលជំងឺគ្រប់មុខ ដោយចំណាយប្រាក់ត្រឹមតែ៣០បាតប៉ុណ្ណោះ (ឬស្មើប្រមាណ៣ពាន់រៀល)៕
ប្រភព ៖ khaosod










