ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃបានចុះផ្សាយថា នាពេលកន្លងមក ប្រទេសថៃមានបញ្ហាខូចជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿង និងបណ្តាលឱ្យអ្នកដំណើរម្នាក់ពិការជើងអស់មួយជីវិត ហើយបញ្ហានេះនៅតែមិនទាន់ចប់ទេ រហូតដល់លើកនេះ វាបានកើតឡើងលើភ្ញៀវទេសចរបរទេស ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងហាងទំនើបមួយកន្លែងនៅតំបន់អាស៊ីអេ ហើយក្រុមភ្ញៀវទេសចរចិនដែលតែងតែមកដើរកម្សាន្តនៅទីនេះបាននាំគ្នាដើរលើជណ្តើរយន្តក្នុងហាង ។ ប៉ុន្តែនៅសុខៗ ស្រាប់តែវាខូចម្តងទៀត ហើយការខូចលើកនេះ គួរឱ្យខ្លាចខ្លាំងណាស់ ព្រោះតួជណ្តើរយន្ត និងបង្កាន់ដៃចាប់គ្មានទំនាក់ទំនងគ្នា គឺតួជណ្តើរយន្តបានវិលទៅមុខ រីឯបង្កាន់ដៃចាប់បែរជាឈប់ស្ងៀមមិនរំកិលទៅមុខ ។ ដូច្នេះ ធ្វើឱ្យភ្ញៀវទេសចរចិននៅលើជណ្តើរនេះភ័យប៉ះសក់យ៉ាងខ្លាំង ។

ក្នុងចំណោមនោះ មានភ្ញៀវទេសចរចិនមានអាយុច្រើនចំនួន២នាក់បានធ្លាក់ពីលើជណ្តើរយន្តសង្កត់លើគ្នា និងរងរបួ.សភ្លាមៗ ។ នៅពេលភ្ញៀវទេសចរចិនផ្សេងទៀតឃើញការដួលសង្កត់លើគ្នាបែបនេះ ពួកគេក៏នាំគ្នាស្រែកខ្លាំងៗសុំការជួយសង្គ្រោះ និងព្យាយាមចាប់បង្កាន់ដៃដើម្បីកុំឱ្យធ្លាក់ជាមួយកាំជណ្តើរ ។ រូបភាពនេះអាក្រក់មើល និងគួរឱ្យខ្លាចខ្លាំងណាស់ ។บันไดเลื่อนอีกแล้ว ครั้งนี้ ทัวร์จีน หวิดดับหมู่ : Khaosod TV - YouTube

ចំណែកអ្នកថតវីដេអូហេតុការណ៍នេះនិយាយថា ខ្លួនបានឮសូរសំឡេងស្រែកខ្លាំងៗ ទើបប្រញាប់មកមើល និងយកទូរស័ព្ទដៃមកថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃនាំគ្នារិះគន់ និងសួរថា ហេតុអ្វីអ្នកឃើញហេតុការណ៍នេះ មិនប្រញាប់ចុចបញ្ឈប់ដំណើរការជណ្តើរយន្ត ដើម្បីជួយជីវិតមនុស្សសិន ? ហើយការយកទូរស័ព្ទមកថតវីដេអូបែបនេះ មិនត្រឹមត្រូវនោះទេ ។

ទោះយ៉ាងណា អ្នកថតវីដេអូហេតុការណ៍ខាងលើបញ្ជាក់ថា បន្ទាប់ពីថតវីដេអូរួច ខាងសន្តិសុខប្រចាំហាង ក៏ប្រញាប់មកចុចបញ្ឈប់ដំណើរការជណ្តើរយន្ត និងនាំគ្នាជួយសង្គ្រោះភ្ញៀវទេសចរចិនភ្លាមៗ ។ រីឯជនជាតិថៃម្នាក់និយាយថា ការចុចបញ្ឈប់ដំណើរការជណ្តើរយន្ត ដោយសារយើងមិនដឹងច្បាស់នោះ វាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះមិនត្រឹមតែមិនបានជួយសង្គ្រោះជីវិតមនុស្សនោះទេ ប៉ុន្តែវាបានបង្កគ្រោះថ្នាក់ថែមទៀត ។

វីដេអូនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃប្រកែកគ្នា ព្រោះមានអ្នកផ្តល់ដំណឹងថា នៅបរិវេណព្រះរ៉ាម៩ នេះ ពោរពេញទៅដោយភ្ញៀវទេសចរចិនជាច្រើននាក់ ។ លើសពីនេះ ភ្ញៀវទេសចរចិនក៏ហូរហៀរទៅដល់តំបន់ហួងក្វាងផងដែរ ដែលគេជ្រាបថា ភ្ញៀវទេសចរចិនបានមកស្នាក់នៅទីនេះយ៉ាងច្រើនកុះករ ។ ភ្ញៀវទេសចរ និងជនជាតិចិនរស់នៅតំបន់នេះមួយចំនួនបានបង្ហាញអាកប្បកិរិយាមិនសមរម្យ ដោយពួកគេគ្មានរបៀបរៀបរយ និងប្រជែងគ្នាតម្រង់ជួរនៅតាទីកន្លែងផ្សេងៗបង្កើតភាពក្តៅក្រហាយដល់ជនជាតិថៃ ដែលជាម្ចាស់ប្រទេសយ៉ាងខ្លាំង ។

សារព័ត៌មានថៃ Khaosod លើកឡើងថា ប៉ុន្តែករណីជណ្តើរយន្តខូចរហូតធ្វើឱ្យជនជាតិចិនរងរបួ.សនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា អ្នកថែទាំជណ្តើរយន្តធ្វើការងារគ្មានប្រសិទ្ធភាព និងបណ្តោយឱ្យកើតរឿងនេះ ។ បើយើងជាភ្ញៀវទេសចរបរទេស ហើយជួបហេតុការណ៍បែបនេះ តើមានភ្ញៀវទេសចរណាចង់ធ្វើដំណើរមកលេងនៅប្រទេសថៃទៀត? ខណៈប្រទេសថៃត្រូវការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។

សារព័ត៌មានថៃបន្តថា បើទោះជាវិស័យទេសចរណ៍អាចជួយសេដ្ឋកិច្ចថៃមិនច្រើន ស្របពេលប្រទេសជាច្រើនព្យាយាមប្រជែងគ្នាទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅប្រទេសពួកគេ ប៉ុន្តែហេតុការណ៍នេះ ថៃត្រូវតែប្រញាប់ស៊ើបអង្កេត ដើម្បីការពារកុំឱ្យបញ្ហានេះកើតឡើងទៀត ។ បញ្ហាជណ្តើរយន្តនៅថៃខូច រហូតមានអ្នករងរបួ.សធ្ងន់ធ្ងរ នៅតែពុំទាន់ទទួលបានដំណោះស្រាយឡើយ ហើយធ្វើឱ្យប្រទេសថៃគ្មានសុវត្ថិភាពក្នុងក្រសែភ្នែកភ្ញៀវទេសចរបរទេស ក៏ដូចជាជនជាតិថៃ ។ ចុងក្រោយ សារព័ត៌មានថៃសង្ឃឹមថា វានឹងជាហេតុការណ៍ចុងក្រោយដែលកើតឡើងនៅប្រទេសថៃ ៕

ប្រភព ៖ khaosod