បរទេស៖ លោក Zelensky បានអញ្ជើញលោក Trump ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញថា ជម្លោះបច្ចុប្បន្នមិនអាចដោះស្រាយបានក្នុងរយៈពេល ២៤ ម៉ោងឡើយ។
យោងតាមប្រភពព័ត៌មាន CNN ដែលបានចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកាថា ប្រធានាធិបតី Volodymyr Zelensky បានធ្វើការអញ្ជើញអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីដោះស្រាយនិងបញ្ចប់ជម្លោះក្នុងរយៈពេល ២៤ ម៉ោង។ លោក Zelensky បាននិយាយថា “ប្រសិនបើអតីតប្រធានាធិបតីអាមេរិកលោក Donald Trump អាចមកអ៊ុយក្រែនបាន គាត់នឹងត្រូវការពេលត្រឹមតែ ២៤ នាទីប៉ុណ្ណោះ ដើម្បីពន្យល់ដល់លោក Trump ថាគាត់មិនអាចដោះស្រាយជម្លោះនេះបានទេ”។
គួររំលឹកដែរថា កាលពីខែកញ្ញាកន្លងទៅលោក Trump បាននិយាយថា ប្រសិនបើលោកជាប់ឆ្នោតនៅឆ្នាំ ២០២៤ លោកនឹងដោះស្រាយជម្លោះនៅអ៊ុយក្រែនក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ លោក Trump ក៏បានបន្តទៀតថា “គាត់នឹងនាំលោក Putin ជាមួយលោក Zelensky ចូលទៅក្នុងបន្ទប់មួយដើម្បីធ្វើការតទល់នឹងគ្នា បន្ទាប់មកយើងនឹងឈានដល់កិច្ចព្រមព្រៀងមួយ” ។
ទោះជាយ៉ាងណាក៏ដោយ លោក Trump មិនទាន់បានឆ្លើយតបនឹងការអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែនទេ។ ដោយអតីតប្រធានាធិបតីអាមេរិករូបនេះ បាននិយាយម្តងហើយម្តងទៀតថា លោកអាចបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានយ៉ាងឆាប់រហ័ស ហើយជឿជាក់ថា រុស្ស៊ីនឹងមិនបើកយុទ្ធនាការនៅអ៊ុយក្រែនទេ ប្រសិនបើលោកនៅតែកាន់តំណែង៕