អ្នកគាំទ្ររបស់តារាចម្រៀង លីម តិចម៉េង បានសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីមានអ្នកលើកឡើងថាម្ចាស់ពានរូបនេះធ្លាក់កូតលែងល្បី ខណៈ នាង ដាវីន បានតបជំនួសវិញថា លីម តិចម៉េង ពិតជាធ្លាក់កូតមែន ហើយទើបតែទិញផ្ទះថ្មីតម្លៃ១៥ម៉ឺនដុល្លារត្រៀមឡើងផ្ទះនាខែធ្នូ ខាងមុខ។
នៅព្រឹកថ្ងៃទី៣ វិច្ឆិកា លើបណ្តាញសង្គមរបស់ លីម តិចម៉េង តារាចម្រៀងប្រចាំហង្សមាស បានបង្ហោះរូបភាពមួយសន្លឹកដោយមានរូបលោកជាមួយនឹងខ្លឹមសារថា តិចម៉េង ធ្លាក់កូតហើយ ដោយតារាចម្រៀងពន្លកថ្មីរូបនេះបានសរសេរដែរថា «តោះបងប្អូនមានមតិ យោបល់យ៉ាងណាដែរ សុំម្នាក់១ឃ្លាមក សម្រាប់ខ្ញុំសង្វេគណាស់ ខ្ញុំជាមនុស្សដឹងតែពីខំប្រឹងធ្វើការងារ ចែករំលែកអ្វីដែលល្អៗទៅកាន់មនុស្សជំវិញខ្លួន ហេតុអីត្រូវមានកូត មានហ្វា ដូច ឡាន ម៉ូតូទៅវិញ»។
ទន្ទឹមមានការលើកឡើងថា ម្ចាស់ពាន លីម តិចម៉េង ធ្លាក់កូតនោះស្រាប់តែតារាចម្រៀង នាង ដាវីន បានចូលទៅតបខម្មិនជំនួស តិចម៉េង ទៅកាន់អ្នកនិយាយនោះថា «តិចម៉េង ធ្លាក់ខ្លាំងណាស់ទើបទិញផ្ទះថ្មីហើយ១៥ម៉ឺនដុល្លារ ឡើងខែ១២»។
ជាមួយគ្នានេះផងដែរ ហ្វេនៗរបស់ លីម តិចម៉េង បានចូលទៅបញ្ចេញមតិទៅលើការបង្ហោះរបស់តារាចម្រៀងរូបនេះថា កុំឱ្យខ្វល់ពីសម្តីអ្នកដទៃប្រហែលជាបុគ្គលនេះហើយតែងតែគិតមិនល្អទៅលើ TOP4 ហើយបានបង្កើតគណនីក្លែងក្លាយតាមយារយី TOP4 អស់រយៈពេលជាង១ឆ្នាំមកនេះ។ អ្នកផ្សេងទៀតបានលើកឡើងថាធ្លាក់កូតខ្លាំងណាស់មិនដល់២ឆ្នាំផង តិចម៉េង សល់ផ្ទះ សល់ឡាន សល់លុយ រីឯអ្នកថាហ្នឹងបែបសល់យន្តហោះហើយមើលទៅ។ ហ្វេនផ្សេងទៀតបាននិយាយដែរថា អ្នកថានឹងច្រណែន តិចម៉េង ធ្វើមិនបានដូចក្ដៅក្រហាយជាមួយគេ និងមានការលើកឡើងទៀតថា គេយកភ្លើងមកដុតឱ្យតិចម៉េង ក្តៅទេ មិនចាំបាច់អីទៅតបតជាមួយមនុស្សបែបហ្នឹងទេ ធ្វើចិត្តឱ្យត្រជាក់ យ៉ាងហោចណាស់ ដាវីន ក៏ជួយតបហើយដែរ។
គួរបញ្ជាក់ថា លីម តិចម៉េង គឺជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ដែលបានកែប្រែវាសនាខ្លួនពីក្មេងឃ្វាលគោមកជាអ្នកចម្រៀងល្បីឈ្មោះទទួលបានការអាណិតស្រលាញ់យ៉ាងច្រើនពីមហាជន។ ត្រឹមតែរយៈពេលជាង១ឆ្នាំនៃអាជីពសិល្បៈរូបលោកមានសមត្ថភាពទិញឡានទំនើប ផ្ទះធំទ្រនំខ្ពស់ បានដោយមោទកភាពនៃកម្លាំងញើសឈាមខ្លួនឯង ហើយការងារសិល្បៈមមាញឹកសឹងតែរកពេលសម្រាកគ្មាន។ ជាពិសេស ប្រជាប្រិយភាពរបស់កំលោះតូចរូបនេះនៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រខុសប្លែកពីម្ចាស់ពានមួយចំនួនពេលបានពានហើយស្ងាត់ប្រជាប្រិយភាព៕