ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុកថៃឈ្មោះ «Bad Student» បានអំពាវនាវឱ្យសាលារៀននានានៅទូទាំងប្រទេសថៃប្រមូលកូនសិស្សមកចូលរួមក្នុងគម្រោងសមាធិចំនួន១លាននាក់ ដើម្បីបំបែកកំណត់ត្រាពិភពលោក ។ ការប្រមូលផ្តុំកូនសិស្សមកអង្គុយសមាធិនេះ ក្នុងគោលបំណងបង្កើតសន្តិភាពពិភពលោក, បង្កើតការផ្លាស់ប្តូរល្អ និងលើកស្ទួយថៃជាប្រទេសគោរពព្រះពុទ្ធសាសនា ។
ទំព័រហ្វេសប៊ុក Bad Student បញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែតុលា ខាងទំព័រហ្វេសប៊ុកបានទទួលដំណឹងថា មានកូនសិស្សមកពីសាលារៀនជាច្រើននៅទូទាំងប្រទេសថៃ ត្រូវបានសាលារៀនតម្រូវឱ្យធ្វើសមាធិ និងថតរូប ដើម្បីចូលរួមក្នុងគម្រោងសមាធិ ក្នុងគោលបំណងបង្កើតសន្តិភាពពិភពលោក (Meditation For World Peace) ។ ហេតុនេះ ទំព័រហ្វេសប៊ុក Bad Student បានដាក់គោលដៅឱ្យកូនសិស្សមកចូលរួមអង្គុយសមាធិឱ្យបាន១លាននាក់ ។
បុគ្គលិកសាលារៀនមួយកន្លែងលើកឡើងថា ខាងសាលារៀនបានសុំការសហការពីគ្រូបន្ទុកថ្នាក់ និងគ្រូផ្សេងទៀត ដើម្បីជួយប្រមូលកូនសិស្សមកអង្គុយសមាធិក្រោយពីបញ្ចប់កម្មវិធីនៅមុខដងទង់ជាតិ ។ សាលារៀនសង្ឃឹមថា ការសមាធិនេះនឹងជួយបង្កើតសន្តិភាពពិភពលោក និងបង្កើតការផ្លាស់ប្តូរដ៏ល្អ ក៏ដូចជាលើកស្ទួយព្រះពុទ្ធសាសនានៅប្រទេសថៃផងដែរ ។
ប៉ុន្តែសាលារៀនខ្លះទៀតលើកឡើងថា ការអង្គុយសមាធិមិនបានធ្វើឱ្យប្រទេសជាតិមានសន្តិភាពនោះទេ ។ ចំណុចសំខាន់ ការអង្គុយសមាធិ មិនគួររៀបចំឡើងដើម្បីលើកស្ទួយព្រះពុទ្ធសាសនាទេ ពីព្រោះប្រទេសថៃមិនមែនជារដ្ឋសាសនា ។ ការអង្គុយសមាធិនេះ គួរតែធ្វើឡើងតាមការស្ម័គ្រចិត្តរបស់កូនសិស្ស រួមទាំងការតម្រង់ជួរនៅមុខដងទង់ជាតិពេលព្រឹកផងដែរ ។
គម្រោងសមាធិនេះជាកិច្ចសហការរវាងអង្គការសន្តិភាពពិភពលោក, អង្គការព្រះពុទ្ធសាសនាពិភពលោក ជាមួយវត្តព្រះធម្មកាយ និងបណ្តាញជាច្រើនដើម្បីសម្រេចគោលដៅអង្គុយសមាធិបានឱ្យ១លាននាក់ ។ សម្រាប់អ្នកចាប់អារម្មណ៍ចង់ចូលរួម ពួកគេត្រូវបំពេញទិន្នន័យ និងផ្ញើរូបថតភ្ជាប់ជាមួយ ។ បច្ចុប្បន្ន អ្នកចុះឈ្មោះចូលរួមអង្គុយសមាធិមានចំនួនគ្រប់១លាននាក់ហើយ ប៉ុន្តែគម្រោងនេះនឹងបញ្ចប់ការចុះឈ្មោះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។
ក្រោយពីគម្រោងនេះបានផ្សព្វផ្សាយ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់ចូលមកបញ្ចេញមតិ ក្នុងនោះជនជាតិថៃម្នាក់និយាយថា ៖ «តើវាមានប្រយោជន៍អ្វីខ្លះ?» ។ រីឯជនជាតិថៃម្នាក់ទៀតថា ៖ «ប្រទេសថៃនឹងមានកិត្តិយស ពីព្រោះបានធ្វើរឿងល្អ» ៕ ប្រភព ៖ 3plus News










