ប្រទេសថៃ៖ ជនជាតិថៃចំនួន ២៤៤ នាក់បានចាកចេញពីប្រទេសអ៊ីស្រាអែលដោយសុវត្ថិភាព ខណៈដែលពួកគេបានឡើងយន្តហោះជួលតាមក្រុមហ៊ុនអាកាសចរណ៍បរទេស ដើម្បីត្រឡប់ទៅប្រទេសថៃវិញ។
នៅថ្ងៃទី១៦ ខែតុលា ក្រុមពលករ និងនិស្សិតថៃចំនួន ២៤៤ នាក់ដែលមកពីប្រទេសអ៊ីស្រាអែលបានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិដោយសុវត្ថិភាព។ បន្ទាប់ពីធ្វើដំណើរតាមជើងហោះហើរពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ El Al Israel Airlines ដែលបានចាកចេញពីអាកាសយានដ្ឋាន Ben-Gurion នៅម៉ោង ៦:២០ នាទីព្រឹកនៅលើជើងហោះហើរនេះ។

ក្នុងនោះមាននិស្សិតមកពីសាកលវិទ្យាល័យ Narathiwat Rajanagarindra ចំនួន ៣០នាក់ និងនិស្សិត ៣នាក់ទៀតមកពីសាកលវិទ្យាល័យ Sakon Nakhon Rajabhat បានធ្វើដំណើរទៅសិក្សានៅវិទ្យាស្ថាន AICAT នៅតំបន់វាលខ្សាច់ Arava ប៉ុន្តែនិស្សិតនៅសល់ ៨២ នាក់ទៀតមិនបានទាន់បានវិលត្រឡប់មកវិញទេ។
យោងតាមក្រសួងការបរទេស ថ្មីៗនេះបានឱ្យដឹងថា ក្រសួងនឹងមានជើងហោះហើរពីអ៊ីស្រាអែល ត្រឡប់ទៅប្រទេសថៃវិញ ក្នុងអំឡុងថ្ងៃទី ១៧ និង ១៨ ខែតុលា ដោយទទួលអ្នកដំណើរចំនួន ២៥០ នាក់នៅថ្ងៃទី១៧ ខណៈនៅថ្ងៃទី ១៨ ខែតុលា ជើងហោះហើរ TG8951 នឹងស្វាគមន៍អ្នកដំណើរចំនួន ២៨០ នាក់បន្ថែមទៀត។

គួរបញ្ជាក់ដែរថា ក្រុមពលករ និងនិស្សិតថៃដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែលមានចំនួនសរុបទាំងអស់ ៣០,០០០ នាក់ ខណៈដែលជនជាតិថៃចំនួន ៧,៤៤៦ នាក់បានធ្វើការបំពេញបែបបទត្រឡប់មកស្រុកកំណើតវិញ៕