ជប៉ុន៖ ហាងលក់សាច់ជ្រូករបស់ជប៉ុនមួយកន្លែងដែលមានឈ្មោះថា Sonmai បានបែកធ្លាយវីដេអូពេញបណ្តាញសង្គមនាពេលថ្មីៗនេះ ដោយបង្ហាញពីអាថ៌កំបាំងនៃភាពឆ្ងាញ់ក្នុងការចាក់ទឹកជ្រលក់ចូលពាងដ៏កខ្វក់ដែលមិនបានលាងទឹកអស់រយៈពេល ៦០ ឆ្នាំមកហើយ។
ហេតុការណ៍នេះកើតឡើងនៅពេលដែលកម្មវិធីទូរទស្សន៍មួយរបស់ជប៉ុនបានអញ្ជើញម្ចាស់ហាងលក់សាច់ជ្រូក Sonmai ឱ្យចូលរួម ដោយម្ចាស់ហាងបានធ្វើការបង្ហាញពីរូបមន្តដ៏ឆ្ងាញ់ដែលពាក់ព័ន្ធទៅនឹងទឹកជ្រលក់ក្នុងពាងដែលមិនត្រូវបានគេលាងអស់រយៈពេល ៦០ ឆ្នាំមកហើយ ដែលម្ចាស់ហាងបានបង្ហើបថាពាងនេះគាត់មិនបានលាងទឹកអស់រយៈពេល ៦០ ឆ្នាំមកហើយ ដោយជឿថានេះជាហេតុផលនៅពីក្រោយភាពឆ្ងាញ់របស់សាច់ជ្រូក ហើយគាត់ធ្វើបែបនេះតាំងពីជំនាន់ជីតាគាត់មកម្លេះ នេះបើយោងតាមគេហទំព័រ Audit Central។
ដូច្នេះយោងតាមរូបភាព បានឱ្យដឹងថា នៅជុំវិញពាងពោរពេញទៅដោយកំអែទឹកជ្រលក់ដែលមិនទាន់បានលាងសម្អាត និងរឹងជាដុំៗជុំវិញ ដែលមើលទៅពិតជាកខ្វក់ខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានសម្តែងការព្រួយបារម្ភ បន្ទាប់ពីបានឃើញរូបភាពពាង និងដឹងថាម្ចាស់ហាងមិនបានលាងសម្អាតអស់រយៈពេល ៦០ ឆ្នាំមកហើយ ខណៈដែលអតិថិជនជាច្រើនបានការពារហាងលក់សាច់ជ្រូក Sonmai ដោយនិយាយថាពួកគេមិនដែលឈឺពោះ ឬកើតរោគអ្វីទេបន្ទាប់ពីញ៉ាំសាច់ជ្រូកនៅក្នុងហាងមួយនេះ។
គួរបញ្ជាក់ដែរថា Sonmai គឺជាហាងលក់សាច់ជ្រូកដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងតូក្យូ ដែលហាងនេះបានបើកតាំងពីឆ្នាំ ១៩៣៣ មកម្លេះហើយត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ខណៈដែលការមិនលាងពាងទឹកជ្រលក់មានតាំងពីដើមរៀងមក៕










