ការបាត់បង់លោកឧកញ៉ា ឈាង រ័ត្ន បានធ្វើឱ្យមហាជននិងអ្នកក្នុងរង្វង់សិល្បៈមានការភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំងនូវការបាត់បង់មនុស្សល្អម្នាក់នេះ។ តែអ្វីដែលកាន់តែរំជួលចិត្តនោះក្នុងថ្ងៃខួបកំណើតរបស់ឧកញ៉ា ឈាង រ័ត្ន កាលពីខែសីហា លោកបានបរិច្ចាគ១០០០ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ ស្របពេលលោកវេជ្ជបណ្ឌិតម្នាក់ក៏បង្ហោះរម្លឹកគុណបំណាច់ចំពោះលោកឧកញ៉ាដែលបានជួយឱ្យកុមាររាប់ម៉ឺននាក់ឃើញពិភពលោកនេះ។
នាយប់ថ្ងៃទី១១ តុលា តាមរយៈគណនីមួយឈ្មោះថា «Khauv Phara» បានរៀបរាប់ថា «ម៉ាស៊ីនសន្តំនេះតម្លៃ៥ម៉ឺនដុល្លារជាថវិការបស់លោកឧកញ៉ាផ្តល់ឱ្យ ហើយម៉ាស៊ីននេះជួយ ជីវិតនិងជួយកុមារកម្ពុជារាប់ពាន់ម៉ឺននាក់ឱ្យឃើញពិភពលោកដ៏ស្រស់ស្អាតនេះ»។ ការបញ្ជាក់ពីលោកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមាររូបនេះបានធ្វើឱ្យមហាជនកាន់តែសោកស្តាយយ៉ាងខ្លាំងថែមទៀតចំពោះមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន។
ជាមួយគ្នានេះផងដែរកាលពីថ្ងៃទី៧ ខែសីហា កន្លងទៅពោលថ្ងៃនោះក៏ជាថ្ងៃខួបកំណើតរបស់លោក ឧកញ៉ា ឈាង រ័ត្ន គម្រប់ខួប៤០ឆ្នាំដូចគ្នាដោយលោកបានចូលរួមបរិច្ចាគថវិកា១០០០ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរទៀតផង។ លោកឧកញ៉ា បានបង្ហោះថា «ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំ។ ខ្ញុំសុំចូលរួមបរិច្ចាក 1,000ដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប។ សូមជូនពរជាពិសេសដល់កុមារទាំងអស់មានសុខភាពល្អ បញ្ញាវាងវៃ ក្លាយជាទំពាំងស្នងឬស្សីរបស់កម្ពុជា»។
ទឹកចិត្តដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាននេះបានធ្វើឱ្យអ្នកដែលបានស្គាល់លោកបង្ហាញការសោកស្តាយយ៉ាងខ្លាំង ព្រោះលោកឧកញ៉ា ឈាង រ័ត្ន មានទឹកចិត្តសប្បុរសចូលរួមជួយសង្គមជាច្រើនដែលមិនអាចពណ៌នាអស់ឡើយ។
គួរបញ្ជាក់ផងដែរថា ឧកញ៉ា ឈាង រ័ត្ន ស្វាមីរបស់លោកស្រី នួន ស៊ុន្ទនារី ហៅស្រីអូន បានទទួលមរណភាពនៅរសៀលថ្ងៃទី១១ តុលា ឆ្នាំ២០២៣ នៅផ្ទះលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន អាយុ ៤០ឆ្នាំ បានបញ្ចប់ជីវិតដោយការធ្វើអត្តឃាត ខណៈប្អូនថ្លៃជនរងគ្រោះថាអាចបណ្តាលមកពីមានវិបត្តិផ្លូវចិត្ត៕










