បរទេស៖ ភ្ញៀវទេសចរមួយគូបានស្នាក់នៅសណ្ឋាគាររយៈពេលមួយយប់ បន្ទាប់មកនៅពេលភ្ញាក់ពីគេងពួកគេស្រាប់តែឃើញសត្វប្រចៀវចំនួនជាង ២៥០ ក្បាលដេកផ្ងារលើវាំងនន និងខ្លះទៀតហើរជុំវិញបន្ទប់ ដោយម្ចាស់សណ្ឋាគារបដិសេធមិនទទួលខុសត្រូវឡើយ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែតុលាថ្មីៗនេះ ដោយប្តីប្រពន្ធមួយគូរបានធ្វើការកក់បន្ទប់សណ្ឋាគារលំដាប់ផ្កាយ ៣ នៅតំបន់ Plzeň ក្នុងសាធារណរដ្ឋឆេក។ មុនពេលចូលគេង ពួកគេមានអារម្មណ៍ថាបន្ទប់ក្តៅទើបបើកបង្អួច ហើយទុកទ្វារចោលតាមសាលធំ ដើម្បីឱ្យខ្យល់ងាយស្រួលចេញចូល។ នៅព្រឹកបន្ទាប់ ពួកគេក៏ឃើញថាមានសត្វប្រចៀវពាសពេញវាំងនន ជញ្ជាំង និងពិដាននៃបន្ទប់ ដោយមានការហោះហើរខ្លះៗ និងបង្កសំលេងរំខានយ៉ាងខ្លាំង។
ភ្ញៀវទេសចរមួយគូនេះក៏បានយកទូរស័ព្ទដៃថតទុកក្នុងបន្ទប់យ៉ាងលឿន រួចរត់ចេញពីបន្ទប់សណ្ឋាគារដើម្បីសុំជំនួយ។ បន្ទាប់មកបុគ្គលិកសណ្ឋាគារម្នាក់ក៏បានទាក់ទងទៅអជ្ញាធរដើម្បីឱ្យមកជួយ រួចគាត់ក៏ប្រញាប់ប្រញាល់ប្រើតែសំណាញ់ទៅចាប់ហ្វូងប្រចៀវនោះយ៉ាងលឿន។ ភ្លាមនោះ ចំនួនសត្វប្រចៀវដែលអាជ្ញាធរចាប់បានមានសរុបចំនួន ២៥៦ ក្បាល ក្នុងនោះមានប្រចៀវងាប់ចំនួន ១១ ក្បាល។
ទោះជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរទាំងពីរក៏បាននិយាយជាមួយម្ចាស់សណ្ឋាគារឱ្យទទួលខុសត្រូវ ប៉ុន្តែចម្លើយគឺថានេះមិនមែនជាកំហុសរបស់សណ្ឋាគារនោះទេ។ ព្រោះសណ្ឋាគារបានចែកខិត្តប័ណ្ណឱ្យភ្ញៀវទេសចរគ្រប់គ្នា ដោយសរសេរថាភ្ញៀវទាំងអស់ត្រូវបានហាមមិនឱ្យបើកបង្អួចពេលយប់ ព្រោះប្រចៀវឬសត្វព្រៃតូចៗអាចនឹងចូលក្នុងបន្ទប់គេង នៅពេលដែលភ្ញៀវមិនគោរពតាមកិច្ចព្រមព្រៀង សណ្ឋាគារសូមរក្សាសិទ្ធិ និងមិនទទួលខុសត្រូវឡើយ៕










