ក្នុងរយៈពេល៨ ខែនៃឆ្នាំ២០២៣នេះ ប្រទេសជប៉ុនបានចំណាយថវិកាចំនួន៥៣ លានដុល្លារអាម៉េរិកដើម្បីនាំចូលក្តាមសេះសមុទ្រពីប្រទេសវៀតណាម ដែលចំនួនតួលេខនេះកើនឡើង៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សន្និសីទផ្សព្វផ្សាយស្តង់ដារនាំចេញទៅកាន់ប្រទេសជប៉ុននារសៀលថ្ងៃទី២៩ ខែកញ្ញា លោក Nguyen Hoai Nam អគ្គលេខាធិការរងសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រ (VASEP) បានឱ្យដឹងថា ទីផ្សារជប៉ុនកំពុងពេញចិត្តគ្រឿងសមុទ្រវៀតណាមកាន់តែខ្លាំង។ នៅក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ច អតិផរណា និងការថយចុះតម្រូវការអ្នកប្រើប្រាស់ ការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសនេះមានការរំខានតិចតួច។
ប្រភពដដែលបានឱ្យដឹងទៀតថាក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ ជប៉ុនបានចំណាយប្រាក់ជិត ១ពាន់លានដុល្លារដើម្បីនាំចូលគ្រឿងសមុទ្រពីប្រទេសវៀតណាម។ បច្ចុប្បន្ន អាម៉េរិក ចិន និងជប៉ុន គឺជាទីផ្សារធំជាងគេទាំង៣ ដែលនាំចូលគ្រឿងសមុទ្រពីវៀតណាមលើសពីតម្លៃកំណត់ ១ពាន់លានដុល្លារ។
ក្នុងចំណោមក្រុមគ្រឿងសមុត្រទាំង១៥ ដែលនាំចេញទៅប្រទេសជប៉ុន មាន៥ ក្រុមដែលមានកំណើនវិជ្ជមាន ជាមួយនឹងការកើនឡើងនៃប្រាក់ចំណូលពី ៦-៥០% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ក្នុងចំណោមនោះ ក្តាមសេះ គឺជាផលិតផលដែលមានកំណើនគួរឱ្យចាប់អារម្មណ៍បំផុតរបស់វៀតណាម។ ជាក់ស្តែងក្នុងរយៈពេល៨ ខែនៃឆ្នាំនេះ ការនាំចេញក្តាមទៅកាន់ប្រទេសជប៉ុនបានឈានដល់ ៥៣ លានដុល្លារកើនឡើង ៥១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលស្មើនឹង ៥.៥% នៃតម្លៃនាំចេញសរុប។
តំណាងសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រ បាននិយាយថា ជប៉ុនចូលចិត្តក្តាមវៀតណាម ដោយសារគុណភាពរបស់វាខ្ពស់ ទំនិញត្រូវបានធានាមិនបំពុលដោយថ្នាំអង់ទីប៊ីយោទិច និងបាក់តេរីបង្កជំងឺ។ ក្រៅពីជប៉ុន អាម៉េរិក និងចិនក៏ចូលចិត្តក្តាមពីវៀតណាមដែរ។ លើសពីនេះក៏មានការព្យាករណ៍ថាការនាំចេញក្តាមនេះនឹងមានការកើនឡើងបន្តទៀតសម្រាប់ថ្ងៃបុណ្យសំខាន់ៗ ដូចជាបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំ។
ទោះបីជាការនាំចេញក្តាមសមុទ្រនេះមានការកើនឡើងក្តី ការនាំចេញគ្រឿងសមុត្រសំខាន់ៗចំនួន៨ របស់វៀតណាមទៅកាន់ប្រទេសផ្សេងទៀតបានធ្លាក់ចុះពី ៨-៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះហើយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ការនាំចេញគ្រឿងសមុទ្រសម្រេចបានត្រឹមតែជាង៦.៦ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ២២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕










