តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាខេត្តស្វាយរៀងនឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លើងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការរៀបចំនេះធ្វើឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។
ទន្ទឹមនឹងនេះរដ្ឋបាលខេត្តបានឱ្យដឹងទៀតថា ដើម្បីឱ្យពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង នាឆ្នាំនេះប្រព្រឹត្ ទៅក្នុងបរិយាកាសសប្បាយរីករាយនិងមានភាពអធិកអធម សាធារណជនដែលមានទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក ចង់ចូលរួមប្រណាំង សូមអញ្ជើញមកចុះឈ្មោះចូលរួមប្រណាំងនៅមន្ទីរទេសចរណ៍ខេត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅនៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរសព្ទលេខ ០១១ ៩៨៧ ៨៩៦។
គួរបញ្ជាក់ផងដែរថា កាលពីពិធីបុណ្យអុំទូកឆ្នាំ២០២២ ខេត្តប្រមាណជា១០ខេត្តបានរៀបចំពិធីបុណ្យអុំទូក ខណៈនៅរាជធានីភ្នំពេញខកខានរៀបចំដោយសាររវល់ធ្វើជាម្ចាស់ផ្ទះដឹកនាំប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ប៉ុន្តែក្នុងឆ្នាំនេះកម្ពុជានឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែដ៏ធំនៅរាជធានីភ្នំពេញ រួមនិងពិធីបុណ្យឯករាជ្យជាតិផងដែរ ដើម្បីអបអរខួបលើកទី ៧០ ឆ្នាំនៃបុណ្យឯករាជ្យជាតិ៕ 










