ប្រទេសសិង្ហបុរី ៖ នៅឆ្នាំ២០២៤ អ្នកដំណើរមួយចំនួនអាចធ្វើដំណើរចេញពីអាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរីបាន ដោយពុំចាំបាច់ប្រើប្រាស់លិខិតឆ្លងដែនទេ ដោយសារសិង្ហបុរីបានកែប្រែច្បាប់ចូលប្រទេសរបស់ខ្លួន ។ ច្បាប់នេះអនុញ្ញាតឱ្យអ្នកដំណើរបង្ហាញអត្តសញ្ញាណរបស់ពួកគេ តាមរយៈប្រព័ន្ធព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួន ជំនួសការប្រើប្រាស់លិខិតឆ្លងដែន ។
លោកស្រី Josephine Tio រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសិង្ហបុរីបានថ្លែងក្នុងរដ្ឋសភា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ថា ប្រទេសសិង្ហបុរីនឹងកំណត់អត្តសញ្ញាណអ្នកដំណើរ តាមរយៈប្រព័ន្ធព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួននៅតាមទីកន្លែងផ្សេងៗ ដូចជា កន្លែងដាក់អីវ៉ាន់ រហូតដល់ការិយាល័យត្រួតពិនិត្យមនុស្សចេញ-ចូលប្រទេស និងការឡើងលើយន្តហោះ ហើយយើងនឹងអនុវត្តវិធានការនេះចាប់ពីឆ្នាំ២០២៤ តទៅ ។ លោកស្រីថ្លែងថា ៖ «វិធានការនេះនឹងជួយផ្តល់ភាពងាយស្រួលដល់អ្នកដំណើរទាំងអស់ ដោយពួកគេមិនចាំបាច់បង្ហាញលិខិតឆ្លងដែនម្តងហើយម្តងទៀតនៅតាមកន្លែងបង្ហាញអត្តសញ្ញាណផ្សេងៗ» ។
សារព័ត៌មាន Bloomberg ចុះផ្សាយថា ការប្រកាសមិនប្រើប្រាស់លិខិតឆ្លងដែននេះ ដោយសារសិង្ហបុរីរំពឹងថា នៅឆ្នាំ២០២៤ ចំនួនអ្នកធ្វើដំណើរចូលសិង្ហបុរីនឹងកើនឡើងដូចក្នុងអំឡុងពេលមុនជំងឺកូវីដរាតត្បាត ហើយចំនួនអ្នកដំណើរនឹងកើនឡើងជាបន្តបន្ទាប់ ។ បច្ចុប្បន្ន សិង្ហបុរីកំពុងសាងសង់អគារទី៥ សម្រាប់ទទួលអ្នកដំណើរនៅអាកាសយានដ្ឋាន Changi ។ ជាមួយគ្នានេះ សិង្ហបុរីរំពឹងថា រថភ្លើងល្បឿនលឿនដែលតភ្ជាប់រវាងសិង្ហបុរីជាមួយរដ្ឋ Johor ស្ថិតនៅភាគខាងត្បូងប្រទេសម៉ាឡេស៊ី នឹងអាចដំណើរការនាពេលឆាប់ៗ ។
លោកស្រី Josephine Tio រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសិង្ហបុរីបន្តថា ៖ «ប្រព័ន្ធត្រួតពិនិត្យមនុស្សចេញ-ចូលប្រទេសរបស់យើង នឹងអាចទទួលបរិមាណអ្នកដំណើរដ៏ច្រើនយ៉ាងមានប្រសិទ្ធភាព និងផ្តល់នូវបទពិសោធន៍ពេញចិត្ត រួមទាំងការធានាសុវត្ថិភាពផងដែរ» ។
អាកាសយានដ្ឋាន Changi ទទួលបានការចាត់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានល្អបំផុតក្នុងពិភពលោក ដែលអាចទទួលអ្នកដំណើរប្រមាណជាង៥លាននាក់កាលពីខែមិថុនា ឆ្នាំ២០២៣ ។ ដូច្នេះ វាជាលើកដំបូងហើយសម្រាប់អាកាសយានដ្ឋាននេះ ដែលអាចទទួលអ្នកដំណើរបានច្រើន បើគិតចាប់ពីខែមករា ឆ្នាំ២០២០ ដែលជាអំឡុងពេលជំងឺកូវីដរាតត្បាត ។ នេះបង្ហាញថា ការធ្វើដំណើរជាអន្តរជាតិរបស់សិង្ហបុរីបានងើបឡើងវិញយ៉ាងច្បាស់ ៕ ប្រភព ៖ Bangkok biznews










