ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មេដឹកនាំគណបក្សកាវក្លៃ លោក Pitha Limjaroenrat បានបង្ហោះសារនៅក្នុងហ្វេសប៊ុកថា សូមជម្រាបសមាជិកគណបក្សកាវក្លៃទាំងអស់ និងបងប្អូនពលរដ្ឋដែលមានអំណាចបំផុតនៅប្រទេសថៃ វាបានបង្ហាញច្បាស់ថា គណបក្សកាវក្លៃត្រូវធ្វើការបម្រើពលរដ្ឋក្នុងឋានៈជា «គណបក្សប្រឆាំង» ដែលទទួលបានសំឡេងគាំទ្រច្រើនក្នុងលំដាប់ទី១ ។ ប៉ុន្តែនៅពេលរដ្ឋធម្មនុញ្ញបច្ចុប្បន្នកំណត់ឱ្យមេដឹកនាំគណបក្សប្រឆាំង ចាំបាច់ត្រូវតែជាសមាជិកសភាតំណាងរាស្ត្រកាន់តំណែងជាមេដឹកនាំគណបក្សប្រឆាំងលំដាប់ទី១ ។ បច្ចុប្បន្ន ខ្ញុំនៅតែស្ថិតក្រោមការបញ្ជារបស់តុលាការធម្មនុញ្ញឱ្យឈប់បំពេញតួនាទីជាសមាជិកសភា ។ ដូច្នេះ ខ្ញុំមិនអាចធ្វើការនៅក្នុងសភាតំណាងរាស្ត្រ ហើយមិនអាចកាន់តំណែងជាមេដឹកនាំគណបក្សប្រឆាំងនៅថ្ងៃខាងមុខទេ ។
ជាមួយគ្នានេះ ខ្ញុំបានពិភាក្សាជាមួយគណៈកម្មការគ្រប់គ្រង និងសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃរួចហើយថា តួនាទីជាមេដឹកនាំគណបក្សប្រឆាំង គឺមានសារសំខាន់យ៉ាងខ្លាំងចំពោះរដ្ឋសភា និងជាតួនាទីដែលទទួលខុសត្រូវជាចម្បង ។ ពេលនេះ គណបក្សកាវក្លៃជាមេដឹកនាំគណបក្សប្រឆាំង ហើយដូចគ្នានឹងក្បាលទូកដែលត្រូវគ្រប់គ្រងទិសដៅបំពេញតួនាទីក្នុងសភា ដើម្បីពិនិត្យការថ្លឹងថ្លែងរបស់រដ្ឋាភិបាល ក៏ដូចជាជំរុញរបៀបវារៈការផ្លាស់ប្តូរដែលបាត់បង់ពីគោលនយោបាយរបស់រដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្លាំងបំផុត ។
ដូច្នេះ ខ្ញុំបានសម្រេចចិត្តលាឈប់ពីតំណែងជាមេដឹកនាំគណបក្សកាវក្លៃ ដើម្បីបើកផ្លូវឱ្យគណបក្សនេះជ្រើសរើសសមាជិកសភា ដែលអាចបំពេញតួនាទីជាមេដឹកនាំគណបក្សប្រឆាំងក្នុងរដ្ឋសភា ចូលមកកាន់តំណែងជំនួសខ្ញុំ ។ ខ្ញុំសូមបញ្ជាក់ដល់លោកអ្នកគ្រប់គ្នាថា មិនថាឋានៈរបស់ខ្ញុំដូចម្តេច ខ្ញុំមិនបានបាត់ទៅណាទេ ប៉ុន្តែខ្ញុំនៅតែធ្វើការជាមួយគណបក្សកាវក្លៃ និងបងប្អូនពលរដ្ឋថៃអស់ពីកម្លាំងកាយ និងសមត្ថភាព ដើម្បីជំរុញការផ្លាស់ប្តូរដែលយើងទាំងអស់ប្រាថ្នារួមគ្នា ។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំសូមអញ្ជើញសមាជិកគណបក្សកាវក្លៃមកជួបជុំគ្នាម្តងទៀតក្នុងកម្មវិធី «បន្តដំណើរទៅមុខ បន្តដំណើរទៅឆ្ងាយទូទាំងប្រទេសថៃ» នៅអគារកីឡាខាងលិច១ តំបន់ឌិនដែង ក្រុងបាងកក ដើម្បីឈានទៅកសាងគណបក្សនយោបាយដ៏រឹងមាំរបស់យើងទាំងអស់គ្នា ៕ ប្រភព ៖ nation weekend










