នាយករដ្ឋមន្ត្រីថ្មី ស្រេតថា ថាវីស៊ីន (Srettha Thavisin) បាននិយាយថាលោកមិនយល់ស្របនឹងការប្រើប្រាស់កញ្ឆាជាកម្សាន្តនោះទេ បើទោះបីជាប្រទេសថៃបានធ្វើឱ្យកញ្ឆារបស់ស្របច្បាប់ក៏ដោយ។ នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃទី១៥ ខែកញ្ញា នេះថា «គោលនយោបាយកញ្ឆារបស់រដ្ឋាភិបាលរបស់យើងនឹងធ្វើឡើងសម្រាប់គោលបំណងវេជ្ជសាស្រ្ត»។
នៅក្នុងខែមិថុនា ឆ្នាំ២០២២ ប្រទេសថៃបានដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀន ដោយអនុញ្ញាតឱ្យប្រជាជនប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្ត។ នេះជាវិធានការដំបូងក្នុងការធ្វើឱ្យស្របច្បាប់នូវការប្រើប្រាស់ និងការដាំដុះកញ្ឆានៅអាស៊ី ក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការស្តារសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញ បន្ទាប់ពី Covid-19 ក៏ដូចជាស្វែងរកទីផ្សារអាហារ និងឱសថដែលកំពុងលូតលាស់ផលិតផលកញ្ឆា។
ឧស្សាហកម្មកញ្ឆាថៃត្រូវបានគេរំពឹងថានឹងមានតម្លៃដល់ទៅ ១.២ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ជាមួយនឹងអាជីវកម្មរាប់ពាន់បានលេចឡើងចាប់តាំងពីប្រទេសនេះបានធ្វើឱ្យកញ្ឆាស្របច្បាប់។ កាលពីដើមសប្តាហ៍នេះលោកនាយករដ្ឋមន្ត្រី ស្រេត ថា ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏បានប្រកាសនូវគោលនយោបាយសេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការប្រើប្រាស់ និងការចំណាយ នៅពេលដែលដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍។
គោលនយោបាយរបស់ប្រទេសថៃធ្វើឱ្យកញ្ឆាស្របច្បាប់ទទួលបានជោគជ័យខ្លះៗ ខណៈដែលភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់បានសម្រុកទៅប្រទេសថៃដើម្បីចូលរួមក្នុងកម្មវិធីមួយដែលទាក់ទងនិងកញ្ឆា។ ក្រសួងទេសចរណ៍របស់ប្រទេសថៃបាននិយាយថា ទីក្រុងភាគខាងជើងនៃខេត្តឈៀងម៉ៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាងមួយលាននាក់កាលពីឆ្នាំមុន ដែលកើនឡើងពីភ្ញៀវទេសចរចំនួន៣១,០០០ នាក់ក្នុងឆ្នាំ២០២១។
យោងតាមការស្ទង់មតិរបស់សមាគមគ្រូពេទ្យចិត្តសាស្រ្តថៃ ប្រទេសនេះបានកត់ត្រាមនុស្សជាង១១ លាននាក់ដែលបានប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តក្នុងឆ្នាំ ២០២២ ដែលកើនឡើងជាច្រើនដងធៀបនឹងមនុស្ស១.៨៩ លាននាក់ក្នុងឆ្នាំ២០២១។ រដ្ឋាភិបាលថៃ បានកត់ត្រាមនុស្សប្រហែល១.១ លាននាក់បានចុះឈ្មោះដើម្បីដាំកញ្ឆា។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃ គឺជាអ្នកដាំ និងផលិតកញ្ឆាដ៏ធំនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០និង ១៩៨០ មុនពេលដែលរដ្ឋាភិបាលបានសហការជាមួយសហរដ្ឋអាម៉េរិកដើម្បីបង្ក្រាបបន្ថែមទៀតលើផលិតកម្មនេះ។ ចាប់តាំងពីពេលនោះមក ប្រទេសថៃបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលអនុវត្តគោលនយោបាយតឹងតែងបំផុតក្នុងការទប់ស្កាត់គ្រឿងញៀន និងគ្រឿងស្រវឹង៕










