ប្រាសាទស្លុតតី ឬ ប្រាសាទថ្នមប្ដី ស្ថិតនៅក្នុងឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្បែរជើងភ្នំទូកមាស ចម្ងាយប្រមាណ១គីឡូម៉ែត្រ ខាងត្បូងភូមិជ្រលង និងមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង។
ប្រាសាទថ្នមប្ដី មានប្រាង្គចំនួន២ កសាងឡើងពីឥដ្ឋ ដែលត្រូវបានកសាងឡើងទន្ទឹមគ្នា និងបែរមុខទៅទិសខាងកើត។ ប្រាង្គទាំងពីរនេះ មានទំហំ ៣.៦ម៉ែត្រ បួនជ្រុង និងមានកម្ពស់១០ម៉ែត្រ។
នៅប្រាង្គខាងឆ្វេង មានទ្វារបញ្ឆោតចំនួន៣ ដែលស្ថិតនៅទិសខាងលិច ខាងជើង និងទិសខាងត្បូង ហើយនៅមានរូបរាងនៅឡើយ។ រីឯគ្រឿងតុប តែងផ្សេងៗ ដូចជាក្បាច់ផ្ដែរ សរសរពេជ្រ បានបាក់បែក។
ចំណែកប្រាង្គផ្នែកខាងស្ដាំ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ខូចខាតស្ទើរតែទាំងស្រុង ដែលសព្វថ្ងៃ នៅមានតែទ្វារបញ្ឆោត២ប៉ុណ្ណោះនៅសល់ គឺនៅផ្នែកខាងជើង និងខាងត្បូង ខណៈទ្វារបញ្ឆោតផ្នែកខាងលិច បានខូចខាតទាំងស្រុង។
ឈ្មោះថា “ថ្នមប្ដី” គឺជាឈ្មោះដែលអ្នកស្រុករស់នៅក្នុងក្បែរប្រាសាទហៅតំបន់នេះ ហើយអ្នកស្រាវជ្រាវសម័យក្រោយក៏ហៅតាមអ្នកស្រុកថាដូច្នោះដែរ។ រឿងនោះនិទានថា “កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធពីរនាក់រស់នៅក្នុងប្រាសាទនេះ។ ក្រោយមក បុរសនោះក៏កើតជំងឺឃ្លង់ៗ ដោយមានភក្ដីភាពស្មោះស្ម័គ្រ នារីទាំងពីរនាក់ជាប្រពន្ធពុំបានបោះបង់បុរសជាប្ដីដែលកើតឃ្លង់នោះឡើយ ពោលគឺនាងទាំងពីរ នៅមើលថែទាំ ច្របាច់ដៃជើង ងូតទឹកឱ្យប្ដីជាប្រចាំ។
ក្រោយមក ដោយមើលឃើញពីភក្ដីភាពនេះហើយ ទើបគេហៅនាងទាំងពីរនាក់ថា នាងថ្នមប្ដី ហើយក៏ជាប់ឈ្មោះថា “ថ្នមប្ដី” នៅប្រាសាទនេះរហូតមក។ បន្ទាប់ពីបានស្ដាប់រឿងព្រេងនិទានរបស់អ្នកស្រុករួចមក យើងយល់ថារឿងនេះទំនងកើតចេញនៅពេលដែលអ្នកស្រុកបាន ឃើញផ្តែរមួយនៅលើទ្វារប្រាសាទ”៕










