បរទេស៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់ប្រទេសវៀតណាម ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ៧៣៧ Max ចំនួន ៥០ គ្រឿង ដែលមានតម្លៃរហូតដល់ ១០ ពាន់លានដុល្លារអាមេរិក។
ពិធីចុះហត្ថលេខារវាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុន Boeing ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែកញ្ញា។ យន្តហោះថ្មីប្រភេទ Boeing ៧៣៧ Max អាចផ្ទុកអ្នកដំណើរអតិបរមាពី ២១០ ទៅ ២៣០ នាក់ ជាមួយនឹងចម្ងាយហោះហើរជាង ៣,០០០ គីឡូម៉ែត្រ។
កិច្ចព្រមព្រៀងនេះនឹងបម្រើដល់ផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងការជំនួសយន្តហោះចាស់ដែលមានអាយុកាលជាងមួយទសវត្សរ៍។ កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានប្រកាសដេញថ្លៃយន្តហោះចាស់ៗមួយចំនួនផងដែរ។
បច្ចុប្បន្ន តម្រូវការយន្តហោះសកលបានកើនឡើង ខណៈដែលតម្រូវការធ្វើដំណើរបានងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត។ កាលពីឆ្នាំ ២០១៦ កន្លងទៅ ក្នុងអំឡុងទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ទៅកាន់ប្រទេសវៀតណាម ក្រុមហ៊ុន Vietjet Air ក៏បានចុះកិច្ចសន្យាទិញ យន្តហោះ Boeing ៧៣៧ Max ចំនួន ១០០ គ្រឿងផងដែរ។
ដូច្នេះហើយ សម្រាប់ក្រុមហ៊ុនផលិតយន្តហោះធំៗចំនួនពីរនៅលើពិភពលោកគឺ Boeing និង Airbus គ្រោងនឹងចេញលក់នូវចំនួនយន្តហោះថ្មីៗប្រណិតបន្ថែមទៀតនៅចុងឆ្នាំ ២០៣០ នេះបើ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ៕
ប្រភព៖vnexpress









