ប្រទេសចិន ៖ អ្នកលេងបណ្តាញសង្គមនៅប្រទេសចិនបានជជែកវែកញែកគ្នាយ៉ាងខ្លាំងក្លា ក្រោយពីសាលារៀនបឋមសិក្សាឯកជនមួយកន្លែងតម្រូវឱ្យអាណាព្យាបាលបង់ប្រាក់រហូតដល់៦៨០យាន់ សម្រាប់ថ្លៃសម្រាកពេលថ្ងៃត្រង់ក្នុងថ្នាក់រៀនរបស់សិស្ស ។ គេរាយការណ៍ថា សាលាបឋមសិក្សានេះឈ្មោះ Jiesheng មានទីតាំងនៅខេត្តក្វាងទុង ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន មានគម្រោងប្រមូលប្រាក់ពីអាណាព្យាបាលសម្រាប់បវេសនកាលថ្មី ។
សារព័ត៌មានចិនឈ្មោះ Xibu Juece ចុះផ្សាយថា មន្ត្រីការិយាល័យអប់រំស្រុកលើកឡើងថា ប្រធានបទដែលគេកំពុងជជែកគ្នាក្នុងបណ្តាញសង្គម មិនមែនជាច្បាប់ទេ ប៉ុន្តែសាលារៀនឯកជនមានសិទ្ធិធ្វើបែបនេះ ។
ភស្តុតាងរូបភាពថតតាមទូរស័ព្ទបង្ហាញថា សាលារៀនបានជូនដំណឹងតាមក្រុម WeChat របស់អាណាព្យាបាលសិស្ស និងគ្រូបង្រៀន និងបកស្រាយរឿងនេះរួចហើយ ប៉ុន្តែមិនបានបញ្ជាក់ហេតុផលពីការប្រមូលប្រាក់ទេ ។ សាលាគ្រាន់តែបញ្ជាក់ថា ការគេងនៅតុរៀនរបស់សិស្ស សាលានឹងតម្រូវឱ្យឪពុក-ម្តាយបង់ប្រាក់ចំនួន២០០យាន់ក្នុងរយៈពេល៦ខែ ចំណែកកូនសិស្សណាចង់គេងនៅលើកម្រាលក្នុងថ្នាក់រៀន សាលានឹងទាមទារឱ្យបង់ប្រាក់ចំនួន៣៦០យាន់ ។ រីឯការគេងនៅលើគ្រែនៅក្នុងបន្ទប់ផ្ទាល់ខ្លួន កូនសិស្សម្នាក់ៗត្រូវចំណាយប្រាក់រហូតដល់៦៨០យាន់ ។
សាលារៀនបកស្រាយថា ការប្រមូលប្រាក់ពីអាណាព្យាបាលសម្រាប់ថ្លៃសម្រាកពេលថ្ងៃត្រង់ក្នុងថ្នាក់រៀនរបស់សិស្ស ពិតជាមានមែន ដោយខាងសាលានឹងចាត់ឱ្យគ្រូមកជួយថែទាំសិស្សក្នុងអំឡុងពេលពួកគេគេង ប៉ុន្តែសាលាមិនបានបង្ខំទេ គឺកូនសិស្សអាចជ្រើសរើសត្រឡប់ទៅផ្ទះវិញនៅពេលថ្ងៃត្រង់ក៏បាន ។ ចំណែកអ្នកនាំពាក្យការិយាល័យអភិវឌ្ឍន៍ទីក្រុង Dongguan លើកឡើងថា ការប្រមូលប្រាក់នេះសមរម្យហើយ ព្រោះសាលាបានរៀបចំឱ្យមានគ្រូនៅជួយថែទាំពេលកូនសិស្សគេង ។
ការប្រកាសដំឡើងថ្លៃនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនតវ៉ាជាខ្លាំង ក្នុងនោះជនជាតិចិនម្នាក់និយាយថា ៖ «វាជារឿងកំប្លែងមែនទេ ? សាលារៀនឆ្កួតខ្លាំងហើយ រកតែប្រាក់» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «ខ្ញុំជាមនុស្សតែម្នាក់មែនទេ ដែលយល់ថា ហេតុអ្វីកូនសិស្សត្រូវចំណាយប្រាក់ថ្លៃគេងនៅតុរៀន» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «គ្មានប្រយោជន៍ទេ នៅថ្ងៃខាងមុខ សាលារៀននឹងគិតថ្លៃចូលបន្ទប់ទឹក ឬថ្លៃដកដង្ហើមថែមទៀត» ៕ ប្រភព ៖ beartai










