ទីបំផុតការខិតខំប្រកួតក្នុងវិស័យបវរកញ្ញាតាំងពីឆ្នាំ២០១៧ របស់បវរកញ្ញា ចន សុទីម៉ា បានក្លាយជាការពិតហើយដោយនាងបានគ្រងមកុដ MUC2023 នឹងត្រៀមតំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិនាខែវិច្ឆិកាខាងមុខនេះ។ កត្តាដែលជំរុញឱ្យ សុទីម៉ា គ្រងមកុដនេះព្រោះតែផ្តល់ចម្លើយយ៉ាងមោះមុតទៅដល់គណៈកម្មការក្នុងជុំ៥នាក់ចុងក្រោយ។
កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជារាត្រីផ្តាច់ព័្រត្រនៃកម្មវិធី Miss Universe Cambodia 2023 ដែលលោក អ៊ិន សុភិន បានរៀបចំកម្មវិធីនេះជាលើកដំបូងដោយមានបេក្ខនារីសរុបចំនួន៣៥នាក់។ ម្ចាស់មកុដឆ្នាំនេះគឺបានទៅលើកញ្ញា ចន សុទីម៉ា តំណាងឱ្យ MUC កំពង់ចាម ។ ការគ្រងមកុដរបស់នាងត្រូវបានអ្នកស្នេហាវិស័យបវរកញ្ញាសម្លឹងឃើញថាពិតជាស័ក្តិសមបំផុតព្រោះនាងបានឆ្លងកាត់បទពិសោធលើវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
នៅក្នុងសំណួរ ចម្លើយ ៥នាក់ចុងក្រោយ សុទីម៉ា បានផ្តល់ចម្លើយយ៉ាងមោះមុតជូនទៅដល់គណៈកម្មការដែលជំរុញឱ្យក្តីស្រមៃនាងក្លាយជាការពិត។ សំណួរដែល សុទីម៉ា ទទួលបាននោះគឺ «តើប្អូនយល់ឃើញយ៉ាងណាចំពោះការប្រកួត Miss universe Camboda 2023 នេះ?»។
សុទីម៉ា បានចម្លើយជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា «អរគុណចំពោះសំណួរ ខ្ញុំគិតថាការប្រកួត Miss universe Cambodia 2023 គឺជាវេទិកាមួយដែលផ្តល់សិទ្ធិអំណាចដល់ស្រ្តីឱ្យកាន់តែរឹងមាំនិងមានទំទុកចិត្តជឿជាក់ជាងមុន។ នាងខ្ញុំគិតថានាងខ្ញុំនឹងប្រើប្រាស់សម្លេងរបស់នាងខ្ញុំដើម្បីបញ្ឈប់ស្ថានការណ៍ណាមួយនៅក្នុងប្រទេសកម្ពុជា។ នាងខ្ញុំនឹងតំណាងឱ្យក្មេងស្រី និងស្រី្តឲ្យមានសម្លេងនៅក្នុងសហគមន៍ ស្ថាប័ន និងប្រទេសជាតិទាំងមូល។ លើសពីនេះទៅទៀតការប្រកួតមួយនេះបានផ្តល់បទពិសោធន៍យ៉ាងច្រើនដល់នាងខ្ញុំក៏ដូចជាបេក្ខនារីដទៃទៀត ពួកយើងមិនមែនត្រឡប់ទៅវិញដោយបាតដៃទទេនោះទេ វាបានឱ្យពួកយើងបានស្គាល់គ្នាជាមិត្តដ៏ល្អនឹងគ្នា»។
គួរបញ្ជាក់ផងដែរថា ចន សុទីម៉ា ធ្លាប់ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 29017 ជាប់លំដាប់រងទី២ , Miss Tourism Inter 2019 , Miss Universe Cambodia 2019 ជាប់លំដាប់រងទី២
និងក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2023 ត្រៀមតំណាងប្រទេសចូលរួមប្រកួត Miss Universe លើកទី៧២ នៅប្រទេស El Salvador នាខែវិចិ្ឆកា៕










