តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសនៅក្នុងវីដេអូផ្សព្វផ្សាយពីការលក់សំបុត្រដើម្បីចូលរួមប្រគំតន្រ្តីរបស់ខ្លួននាថ្ងៃទី១៦ ខែកញ្ញា ខាងមុខនេះដោយបាននិយាយថាថវិកាដែលទទួលបានពីការលក់សំបុត្រនេះនាងនឹងប្រគល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ។
ស្វាគមន៍ត្រលប់មកវិញជាមួយអ្នកគាំទ្រ កាលពីថ្ងៃទី៣ កញ្ញា ទេព បូព្រឹក្ស បានទម្លាក់បទថ្មីមួយបទរបស់ខ្លួនមានចំណងជើងថា «ជនក្បត់» បន្ទាប់ពីប្រកាសវិលមកវិញជាមួយសមិទ្ធផល៣ធំៗនៅក្នុងដៃនិងឱ្យអ្នកគាំទ្រត្រៀមខ្លួនជាមួយព្យុះទឹកកកទេព បូព្រឹក្ស ផងដែរ។
ក្រោយពីប្រកាសហើយ ទីបំផុតតារាចម្រៀងរូបនេះបានចេញមកប្រកាសថានាងនឹងមានការប្រគំតន្រ្តីផ្ទាល់ខ្លួននៅថ្ងៃទី១៦ កញ្ញា ផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ទេព បូព្រឹក្ស បានចេញវីដេអូមួយជាមួយកូនប្រុសដ៏គួរឱ្យស្រលាញ់របស់នាងដោយបានប្រាប់ហ្វេនៗអាចមកទិញសំបុត្រដោយផ្ទាល់បាននៅទីតាំងដែលនាងបានបញ្ជាក់ក្នុងវីដេអូ។ ក្នុងនោះដែរ ទេព បូព្រឹក្ស បញ្ជាក់ថាសំបុត្រធម្មតាមានតម្លៃ៣ដុល្លារ និងសំបុត្រ VIP មានតម្លៃ១០ដុល្លារថែមទាំងមានកាដូជូនបន្ថែមទៀត។
លើសពីនេះទៅទៀត ទេព បូព្រឹក្ស បាននិយាយទៀតថា ដើម្បីអបអរនាងត្រលប់មកវិញ ហើយមានការប្រគំតន្រ្តីដំបូងផ្ទាល់ខ្លួនតែម្តងរាល់ថវិកាដែលទទួលបានពីការលក់សំបុត្រ នាងនឹងយកទៅជូនមន្ទីរពេទ្យកុមារអង្គរ។
គួរបញ្ជាក់ផងដែរថា កន្លងមកនេះទន្ទឹមនឹងការរស់នៅស៊ីវិល័យ ទិញឡានទំនើបៗ ពាក់គ្រឿងពេជ្រធំៗជ្រោងខ្លួន ទេព បូព្រឹក្ស ក៏ជាតារាម្នាក់ដែលចូលចិត្តធ្វើអំពើសប្បុរសធម៌ជារឿយៗផងដែរ៕










