កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមមួយប្រភេទរបស់មនុស្សទូទៅ ហើយមិនថាសម័យណាទេ កាហ្វេនៅតែទទួលបានការពេញនិយមដូចដើម ដោយសារមនុស្សជាច្រើននាក់ទទួលស្គាល់ពីផលប្រយោជន៍របស់វា ។ ប៉ុន្តែមនុស្សខ្លះទៀតមិនចូលចិត្តផឹកកាហ្វេទេ ហើយមានមូលហេតុជាច្រើនដែលធ្វើឱ្យពួកគេប្រតិកម្មជាមួយកាហ្វេ ។ យើងនឹងបង្ហាញពីបញ្ហាសុខភាពរបស់អ្នកមានប្រតិកម្មជាមួយកាហ្វេថា បើពួកគេផឹកកាហ្វេ តើនឹងកើតមានបញ្ហាអ្វីខ្លះក្នុងខ្លួន ? ហើយមូលហេតុអ្វីបានជាអ្នកគួរចៀសវាងការផឹកកាហ្វេ ?
១-ឈឺពោះដោយសារផឹកកាហ្វេ ៖
តាមទិន្នន័យផ្នែកវេជ្ជសាស្ត្រអះអាងថា វាជាប្រព័ន្ធការពាររាងកាយឆ្លើយតបនឹងអ្វីដែលបញ្ចេញជាតិពុលក្នុងរាងកាយ ។ ពិតណាស់ថា រាងកាយរបស់មនុស្សមួយចំនួនទទួលយកកាហ្វេ ហើយរាងកាយមនុស្សខ្លះទៀតមិនទទួលយកទេ ។ ដូច្នេះ បើអ្នកផឹកកាហ្វេហើយស្រាប់តែឈឺពោះ អ្នកត្រូវដឹងខ្លួនឯងថា រាងកាយអ្នកមិនទទួលយកជាតិកាហ្វេអ៊ីនទេ ។
២-ធុំក្លិនកាហ្វេយ៉ាងខ្លាំង ៖
មនុស្សភាគច្រើនចូលចិត្តក្លិនឈ្ងុយរបស់កាហ្វេ ប៉ុន្តែមនុស្សជាច្រើនទៀតមិនចូលចិត្តក្លិននេះទេ ។ ក្លិនកាហ្វេបានបង្ហាញពីអត្តសញ្ញាណរបស់វា ហេតុនេះ នៅពេលអ្នកធុំក្លិនឈ្ងៀមរបស់កាហ្វេ អ្នកនឹងដឹងថា វាពោរពេញទៅដោយជាតិកាហ្វេអ៊ីន ។ ប៉ុន្តែតើដឹងឬទេថា មានមនុស្សជាច្រើននាក់ដែលធុំក្លិនកាហ្វេ ហើយចង់ដើរចេញឱ្យឆ្ងាយ ព្រោះវាធ្វើឱ្យពួកគេមិនស្រួលខ្លួន ដូចជា ឈឺក្បាល វិលមុខ មានបញ្ហាក្រពះ និងមានអាការៈក្អួតចង្អោរ ជាដើម ។ វិធីដោះស្រាយ គឺពួកគេមិនគួរចូលហាងកាហ្វេទេ ឬដើរឱ្យផុតពីហាងកាហ្វេ គឺជាការល្អប្រសើរបំផុត ។
៣-ឈឺក្បាល វិលមុខជាប្រចាំពេលផឹកកាហ្វេ ៖
មនុស្សភាគច្រើនចូលចិត្តក្លិនកាហ្វេ ប៉ុន្តែក៏មានមនុស្សជាច្រើនទៀតមិនអាចផឹកកាហ្វេបាន ដោយសារជាតិកាហ្វេអ៊ីនធ្វើឱ្យពួកគេមានអារម្មណ៍ឈឺក្បាល វិលមុខ ។ ពេលខ្លះ វាធ្វើឱ្យប៉ះពាល់សុខភាព ឬប្រព័ន្ធដំណើរការក្នុងរាងកាយខុសប្រក្រតី ។ ដូច្នេះ អ្នកអាចដោះស្រាយបញ្ហាទាំងនេះបាន ដោយការទៅពិភាក្សាជាមួយគ្រូពេទ្យ ឬកុំផឹកកាហ្វេដាច់ខាត ៕
ប្រភព ៖ TNN Health










