ជនជាតិកូរ៉េដ៏ស្រស់សោភា កញ្ញា ហ៊ូអ៊ីន ហ្វាង បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីជ្រើសបទ BLACKPINK មានចំណងជើងថា «Pink Venom» មកប្រកួតក្នុងវគ្គ Live Show សប្តាហ៍ទី២។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងលាយបារ៉ូជាភាសាខ្មែររៀបរាប់ពីចាប៉ីទៀត ដោយ ហ៊ូអ៊ីន បានបញ្ជាក់ថានាងបានស្គាល់ឧបករណ៍បុរាណខ្មែរមួយនេះផងដែរតាមរយៈMV របស់តារាចម្រៀង វណ្ណដា ។
នៅយប់ថ្ងៃទី៣ ខែសីហា កម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣បានឈានចូលដល់សប្តាហ៍ទី២ហើយ។ ក្នុងសប្តាហ៍នេះដែរ នារីជាជនជាតិកូរ៉េតែមួយគត់ដែលបានចូលរួមប្រកួតក៏ដល់ពេលដែលបញ្ចេញសមត្ថភាពដូចគ្នាដែលអ្នកគាំទ្រទន្ទឹងរង់ចាំពីការបកស្រាយរបស់បេក្ខនារីរូបនេះ។
ក្នុងរាត្រីដែលប្រមូលទៅដោយជើងខ្លាំងនោះ នារីកូរ៉េបានជ្រើសបទចម្រៀងដ៏ល្បីរបស់ BLACKPINK មានចំណងជើងថា «Pink Venom» ក្រោមការចង្អុលបង្ហាញនិងបង្វឹកដោយអ្នកនាង ពេជ្រ សោភា។ លើសពីការបកស្រាយបទកូរ៉េនេះ ហ៊ូអ៊ីន បានលាយបារ៉ូជាភាសាខ្មែរខ្លះដែរថែមទាំងច្រៀងពីចាប៉ីទៀតផង។
មិនត្រឹមតែការបកស្រាយនិយាយពីចាប៉ីតែប៉ុណ្ណោះទេ តែនារីកូរ៉េដ៏មានមន្តស្នេហ៍រូបនេះថែមទាំងបញ្ជាក់ដោយច្បាស់ទៀតថានាងស្គាល់ឧបករណ៍បុរាណខ្មែរមួយនេះផងដែរតាមរយៈMV របស់តារាចម្រៀង វណ្ណដា នៅក្នុងបទ « time to rise»។ ការបញ្ជាក់ច្បាស់ៗថាស្គាល់ឧបករណ៍នេះបានធ្វើឱ្យមានការសាទរយ៉ាងខ្លាំងដែលជនជាតិកូរ៉េក៏ស្គាល់ឧបករណ៍បុរាណខ្មែរផងដែរ។
ជាលទ្ធផលនៃការប្រកួតនេះក្នុងវគ្គ Live Show នេះ ហ៊ូអ៊ីន អាចបន្តទៅវគ្គ Live Show ក្រោយទៀតផងជាមួយរសជាតិថ្មីបន្ថែមទៀតដោយគ្រូបង្វឹកផ្ទាល់ ពេជ្រ សោភា។
ទោះបីជាការបកស្រាយបទចម្រៀងរបស់ ហ៊ូអ៊ីន អ្នកមួយចំនួនតូចបានបញ្ចេញមតិអវិជ្ជមានបន្តិចក្តីប៉ុន្តែអ្នកគាំទ្រក៏សម្លឹងឃើញថា ការបកស្រាយដោយផ្ទាល់មានទាំងច្រៀង រាំផង រ៉េប និងលាយជាភាសាខ្មែរបន្តិចទៀត ហើយម្ចាស់បទច្រៀងមាន៤នាក់ ហើយ ហ៊ូអ៊ីន បកស្រាយតែម្នាក់ឯងចំណុចនេះនាងធ្វើបានល្អហើយ៕










