រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ថ្វីបើអ៊ុយក្រែន កំពុងតែធ្វើសង្គ្រាមរំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់រុស្ស៊ី យ៉ាងណាក្ដី ក៏លោកប្រធានាធិបតី ហ្សេឡែនស្គី នៅតែមិនអនុញ្ញាតឲ្យមន្រ្ដីខិលខូចមួយចំនួន នៅសំងំកើបលុយ ពីអំពើពុករលួយបានដោយស្រួលនោះដែរ ហើយឥឡូវនេះ គាត់បានអះអាង ថា សំណូកចន្លោះពី ៣០០០ដុល្លារ ទៅ ១៥ ០០០ដុល្លារ ត្រូវបានបង់ សម្រាប់ការលើកលែងកាតព្វកិច្ចការងារយោធា លើផ្នែកវេជ្ជសាស្រ្ត។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានហៅអ្វីដែលគាត់បានពិពណ៌នា ថា អំពើពុករលួយជាប្រព័ន្ធ នៅក្នុងការលើកលែងផ្នែកវេជ្ជសាស្រ្តរបស់ប្រទេស សម្រាប់បំពេញការងារ នៅក្នុងជួរកងទ័ព។ ប្រព័ន្ធពុករលួយបែបនេះ ក្លាយជាកម្មវត្ថុ នៃការទទួលសំណូកយ៉ាងទូលំទូលាយ និង ការធ្វើដំណើរទៅក្រៅប្រទេសរបស់មនុស្សមួយចំនួន។
លោកប្រធានាធិបតី បានសង្កត់ធ្ងន់ ថា សំណូក ចន្លោះពី ៣ 000 ដុល្លារ ទៅ ១៥ 000ដុល្លារត្រូវបានបង់ សម្រាប់ការលើកលែងផ្នែកវេជ្ជសាស្រ្ត គេចចេញពីកាតព្វកិច្ចការងារយោធា។
បញ្ហាអំពើពុករលួយ នៅក្នុងការជ្រើសរើសយោធារបស់អ៊ុយក្រែន ត្រូវបានលាតត្រដាង កាលពីខែមិថុនា ខណៈការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ អំពីទ្រព្យសម្បត្តិគ្រួសាររបស់លោក យ៉ែវហេន បូរីស៊ូវ (Yevhen Borysov) មន្រ្ដីជាន់ខ្ពស់ ប្រចាំតំបន់អូដេសា (Odesa) ។ ការស៊ើបអង្កេតនោះ ក៏បានរាយការណ៍ អំពីអចលនទ្រព្យ និង រថយន្តទំនើបៗមានតម្លៃរាប់លានដុល្លារ ត្រូវបានចោទប្រកាន់ ថា ជាកម្មសិទ្ធិនៃសមាជិកគ្រួសាររបស់លោក បូរីស៊ូវ នៅក្នុងប្រទេសអេស្ប៉ាញ។
បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានអះអាង ថា លោក បូរីស៊ូវ ត្រូវបានចោទប្រកាន់ ពីបទ «កិបកេងទ្រព្យសម្បតិ្ដដោយខុសច្បាប់»។ ប៉ុន្ដែគាត់បានបដិសេធរាល់ការប្រព្រឹត្ដខុសឆ្គង ហើយគាត់ថែមទាំងអះអាង ថា គាត់មិនមានជាប់ពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិ នៃគ្រួសាររបស់គាត់ នោះឡើយ។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានបង្រ្កាបលើអំពើពុករលួយ នៅក្នុងដំណើរការពង្រាងយោធាជាអាទិភាពមួយ ខណៈកងកម្លាំងរបស់គាត់ កំពុងតែបន្តធ្វើសង្គ្រាម អស់រយៈពេល១៨ខែ កន្លងមកនេះ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ការលុបបំបាត់អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋាភិបាលរបស់អ៊ុយក្រែន ក្លាយជាកត្តាសំខាន់ សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប៕










