ប្រទេសចិន ៖ កិច្ចប្រជុំ BRICS រួមមាន ប្រទេសប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្វ្រិកខាងត្បូងទើបតែបានបញ្ចប់ ហើយអាកប្បកិរិយារបស់ចិនត្រូវបានគេឃ្លាំមើលយ៉ាងខ្លាំង ដោយសារចិនជាប្រទេសវិនិយោគដ៏ធំមួយនៅអាហ្វ្រិកខាងត្បូង ។ ប្រទេសអាហ្វ្រិកខាងត្បូងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅឆ្នាំ២០២៣ ហើយបានសហការផ្នែកកសិកម្មជាមួយចិនផងដែរ ។
COFCO គឺជាក្រុមហ៊ុនកសិកម្មដ៏ធំមួយរបស់ប្រទេសចិន ដែលបានសហការជាមួយកសិករនៅអាហ្វ្រិកខាងត្បូងតាំងពីឆ្នាំ២០០៩ ហើយការសហការនេះបានផ្តោតលើផ្នែកកសិកម្មចម្រុះប្រកបដោយនិរន្តរភាពនៅអាហ្វ្រិកខាងត្បូង ខណៈផ្នែកកសិកម្មមានសារសំខាន់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចអាហ្រ្វិកខាងត្បូង គឺស្មើនឹង២,៥% របស់ផលិតផលក្នុងស្រុកសរុប (GDP) ។
ក្នុងរយៈពេល១៤ឆ្នាំកន្លងមក ក្រុមហ៊ុន COFCO បានសហការយ៉ាងជិតស្និទ្ធជាមួយកសិករក្នុងតំបន់ដើម្បីបង្កើតភាពច្នៃប្រឌិត និងការធ្វើកសិកម្មបែបថ្មីទាំងផ្នែកផលិត និងទីផ្សារ, ជំរុញការផលិតគ្រាប់ពូជនៅអាហ្វ្រិកខាងត្បូង ហើយកិច្ចសហការនេះធ្វើឱ្យកសិករក្នុងតំបន់ទទួលបានផលប្រយោជន៍យ៉ាងខ្លាំង ។
នាយកក្រុមហ៊ុន COFCO លើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនបានសហការជាមួយកសិករចំនួន៦២នាក់ និងទទួលបានទិន្នផលផលិតជាង៣៩ម៉ឺនតោនទាំងរដូវក្តៅ និងរដូវត្រជាក់ ជាពិសេស នៅតំបន់ Western Cape ហើយក្រុមហ៊ុនមានគោលដៅចម្បង គឺធ្វើឱ្យភាគីទាំងអស់ទទួលបានផលប្រយោជន៍យ៉ាងពេញចិត្ត ។ ក្រុមហ៊ុនបានផ្តល់ព័ត៌មានផ្នែកទីផ្សារ និងជូនដំណឹងពីអាកាសធាតុផងដែរ ហើយក្រុមហ៊ុនបានជួយកសិករក្នុងការជ្រើសរើសពេលវេលាល្អបំផុតសម្រាប់លក់ទិន្នផល ។ កិច្ចសហការគ្នានេះបានជួយបង្កើតការងារផ្នែកកសិកម្មជាច្រើន ព្រោះមានផ្ទៃដីធ្វើកសិកម្មជាងជាង១៤ម៉ឺនរ៉ៃ ។
នាយកក្រុមហ៊ុនបន្តថា ក្រុមហ៊ុនមានផែនការពង្រីកគម្រោងនេះទៅក្រៅប្រទេសអាហ្វ្រិកខាងត្បូងផងដែរ ។ ជាមួយគ្នានេះ ប្រទេសចិនក៏អាចរៀនសូត្រពីវិធីធ្វើការជាមួយកសិករអាហ្វ្រិកខាងត្បូង ដោយរួមគ្នាបង្កើតគំនិត និងបច្ចេកវិទ្យាថ្មីៗ ៕ ប្រភព ៖ Nation World










