រដ្ឋធានីហាណូយ៖ ក្រុមអ្នកពាក់ព័ន្ធ នៅក្នុងវិស័យឧស្សាហកម្ម បានច្រានចោលនូវការព្រួយបារម្ភ ថា វៀតណាម អាចនឹងដើរតាមលំនាំឥណ្ឌា ហាមឃាត់ការនាំចេញអង្ករ ខណៈឥឡូវ ប្រទេសអាស៊ានមួយនេះ កំពុងតែខិតខំប្រឹងប្រែង បង្កើនការដាំដុះស្រូវ។
ប្រទេសវៀតណាម កំពុងតែសម្លឹងមើល អំពីតម្រូវការកើនឡើងខ្ពស់ ហើយតម្លៃអង្កររបស់ខ្លួនក៏ឡើងខ្ពស់ ក្រោយពេលឥណ្ឌា ជាប្រទេសផ្គត់ផ្គង់អង្ករដ៏ធំជាងគេ នៅលើពិភពលោក បានប្រកាសពីការទប់ស្កាត់នូវការនាំចេញអង្ករ កាលពីខែមុន
ក្រុមអ្នកដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យឧស្សាហកម្ម បានអះអាង ថា តម្លៃអង្ករនៅលើពិភពលោក កំពុងតែឡើងថ្លៃ ហើយវាជាឱកាសដ៏ល្អបំផុត សម្រាប់វៀតណាម នៅក្នុងការជំរុញផលិតកម្ម និង ការនាំចេញ។ ប៉ុន្តែការព្រួយបារម្ភក៏បានកើតឡើងផងដែរ ចំពោះបញ្ហាអាកាសធាតុមិនអំណោយផលឲ្យ ដោយសារតែការប្រែប្រួលអាកាសធាតុ នាំឲ្យប៉ះពាល់ដល់ដំណាំ នាពេលអនាគត។
ឥណ្ឌា បានដាក់បម្រាមនូវការនាំចេញអង្ករ កាលពីខែកក្កដា ដើម្បីរក្សាតម្លៃអង្ករសំរូប នៅក្នុងស្រុក ដោយសារអតិផរណា និង ការភ័យខ្លាច អំពីការខ្វះខាតអង្ករ នៅក្នុងប្រទេស។ ការទប់ស្កាត់នូវការនាំចេញអង្ករ បានធ្វើតាមការដាក់កំហិត លើការនាំចេញអង្ករខូច កាលពីខែកញ្ញាឆ្នាំ២០២២។
វិធានការរបស់ឥណ្ឌា បានធ្វើឱ្យតម្លៃអង្ករ នៅលើពិភពលោក កើនឡើងខ្ពស់ ខណៈអ្នកទិញបានងាកទៅរកប្រភពផ្សេងៗទៀត ចំពេលមានការព្រួយបារម្ភ ថា ការផ្គត់ផ្គង់មានកម្រិត នឹងជំរុញឱ្យមានអតិផរណាលើស្បៀងអាហាររបស់ពិភពលោក ហើយបណ្តាលឱ្យមានការទប់ស្កាត់ស្រដៀងគ្នា ពីបណ្ដាប្រទេសជាអ្នកផ្គត់ផ្គង់ផ្សេងៗទៀត។
បុរស វ័យ៣៩ឆ្នាំម្នាក់ បានប្រាប់ដល់សារព័ត៌មាន CNA ខណៈចុះពិនិត្យវាលស្រែរបស់គាត់នៅជាយទីក្រុងកាន់ធើ (Can Tho) ដែលជាទីក្រុងមួយ នៅតាមតំបន់ដីសណ្ដទន្លេមេគង្គ នាភាគខាងត្បូង ប្រទេសវៀតណាម ថា «តម្លៃស្រូវ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ មានតម្លៃប្រហែល ០,២២ដុល្លារ ទៅ ០,២៣ ដុល្លារ នៅក្នុងមួយគីឡូក្រាម។ ដូច្នេះនៅពេលឈ្មួញមក ហើយផ្តល់ជូនដល់ខ្ញុំ ២៨សេន នៅក្នុងមួយគីឡូក្រាម គឺខ្ញុំសប្បាយចិត្តណាស់។ តម្លៃស្រូអាចនឹងកើនដល់០,៣៤ដុល្លារ ក្នុង១គីឡូក្រាម»។
លោក ហ្វាម ហ៊្វុក ហ៊ូ (Pham Phuoc Huu) ប្រធានផ្នែកផលិតកម្ម នៃក្រុមហ៊ុននាំចេញអង្ករ Hoang Minh Nhat Food (ហ៊ួងមីញញ៉ាតហ៊្វូដ) បានបញ្ជាក់ ថា «ចាប់តាំងពីឥណ្ឌា បានហាមឃាត់នូវការនាំចេញអង្ករមក តម្លៃអង្ករ នៅទីនេះបានឡើងខ្ពស់បំផុត។ តម្លៃនឹងកើនឡើង ជារៀងរាល់ពីរបីម៉ោងម្តង មិនមែនត្រឹមតែមួយថ្ងៃនោះឡើយ»។![]()
បណ្ដាក្រុមហ៊ុននាំចេញអង្ករជាច្រើនរបស់វៀតណាម មានការស្ទាក់ស្ទើរ នៅក្នុងការចុះកិច្ចសន្យាថ្មី ជាមួយក្រុមហ៊ុនទិញអន្តរជាតិ ដោយសារតែតម្លៃអង្ករមានការប្រែប្រួលយ៉ាងខ្លាំង។ ដូច្នេះក្រុមហ៊ុនទាំងអស់របស់វៀតណាម ពិបាកនឹងបំពេញកិច្ចសន្យាដែលមានស្រាប់ ជាមួយក្រុមហ៊ុននានា ជាអ្នកទិញ៕










