កំពតគឺជាខេត្តឆ្នេរសមុទ្រធំជាងគេទី៣ក្នុងប្រទេសកម្ពុជា និងល្បីល្បាញខ្លាំងលើម្រេចកំពត ដែលជាម្រេចមានគុណភាពល្អចំណាត់ថ្នាក់ពិភពលោក។
ខេត្តនេះមានរមណីយដ្ឋានធម្មជាតិនិងសំណង់អគារប្រវតិ្តសាស្ត្រសម័យអាណានិគមជាច្រើនសម្រាប់ភ្ញៀវទស្សនានិងស្វែងយល់។ ក្រៅពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត ខេត្តនេះមានតំបន់ទេសចរណ៍ ដ៏មានសក្តានុពលជាច្រើនមិនថានៅក្នុងព្រៃ,សមុទ្រ,ភ្នំ ឬក៏ទឹកជ្រោះនោះ។
ខាងក្រោមនេះជាតំបន់ទេសចរណ៍៥កន្លែង ដែលលោកអ្នកមិនគួររំលងពេលទៅលេងកំពត៖
ភូមិក្តាត គឺជាទីកន្លែងមួយដែលមានសក្កដានុពលដ៏ច្រើនសំបូរបែប ដែលភូមិនេះស្ថិតនៅក្បែរសមុទ្រ មានទេសភាពភ្នំ និងទឹកធ្លាក់ដ៏ស្រស់ស្អាត រួមទាំងគ្រឿងសមុទ្រស្រស់ៗថែមទៀតផង។ ភូមិនេះគឺមានទីតាំងអំណោយផលល្អមែនទែន ដោយស្ថិតតាមបណ្តោយជួលភ្នំបូកគោដែលវាបានទាក់ទាញចិត្តភ្ញៀវទេសចរជាច្រើនទៅលេងទីនោះរៀងរាល់សប្តាហ៍។
រមណីយដ្ឋានដូងទេរ ជារមណីយដ្ឋានមួយស្ថិតលើដងព្រែកទឹកឈូ ចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីស្ពានកំពតថ្មីប្រមាណ ១០-១៥នាទី។ នៅទីនោះ មានដូងទេរយ៉ាងស្រស់ ស្អាតលយចូលទៅ ទឹកបឹងបង្អួតសម្រស់យ៉ាងត្រកាល។
ទឹកធ្លាក់អន្លង់ខៀវ គឺជារមណីយដ្ឋានមួយកន្លែងដែលមានអាងទឹកធម្មជាតិ ដ៏ថ្លាឈ្វង់ ពណ៌ខៀវស្រងាត់ អាចអោយយើងលោតទឹកលេង និងហែលទឹកបាន។ វាស្ថិតនៅផ្នែកខាងលើនៃសហគមន៍ទេសចរណ៍ធម្មជាតិព្រែកត្នោត ឬអន្លង់ធំ ដោយធ្វើដំណើរចេញពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់វាលរេញ ក្នុងចម្ងាយប្រមាណជិត ៣០ គីឡូម៉ែត្រ ប្រមាណ ៣៥ នាទី។ ភ្ញៀវទេសចរ ត្រូវមកដល់សហគមន៍ទេសចរណ៍ព្រែកត្នោត ឬ អន្លង់ធំ នេះសិន មុននឹងបន្តធ្វើដំណើរឡើងភ្នំ កាត់ព្រៃលើផ្លូវមានថ្មរដិបរដុបបន្តិចប្រមាណជា ១៥ នាទី ទើបបានទៅដល់ទីឋានរមនានោះ។
សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ អ្នកទេសចរអាចទស្សនាព្រៃកោងកាង, ដាំកូនកោងកាង, ជិះទូកលេងកម្សាន្ត និងមើលអំពិល អំពែកពេលរាត្រី។
បឹងប្រទាក់ក្រឡា មានទីតាំងស្ថិតនៅ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រហែល១៤គីឡូម៉ែត្រ ពីរង្វង់មូលធូរេន។ បឹងនេះស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ដែលមានបឹងដ៏ធំអមជាមួយទេសភាពជើងភ្នំ ខ្យល់ត្រជាក់ ដែលអាចធ្វើ អោយភ្ញៀវទេសចរបាត់កង្វល់ និងមានអារម្មណ៍ស្រស់ស្រាយ៕










