រដ្ឋបាលជលផល បានប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាល។

សូមបញ្ជាក់ជូនថា កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោតទី៦ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពី ខែមករា ដល់ខែសីហា ខណៈក្នុងឆ្នាំ២០២១ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល និងឆ្នាំ ២០២២ បានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលដូចគ្នា។

បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គរងការគំរាមកំហែង ដោយឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍ឆក់ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤៧អនក្រ,បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការកំណត់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទដែលប្រើ ឧបករណ៍មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi5A1D9KPu7lFPvAQiVNQJK-15FcXP-d1l1bW77_aKmJZ_TmEnF3K8qka_nK8fx4k3cHEBXizy2S4AT1ml8OmfHA8BpY6gHIyz2Cq_vu7-yC6lksbhZ0f_hjRmnSMTEAR_V4K2dzlUJEVaEKpuUqqtBx_JAzRO_asBujfpoUG0QDead7M9jpDCPpTEihA/s897/image_2023-08-23_08-44-01.png