រាជធានីបាងកក៖ ក្រោយការនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេល១៧ឆ្នាំ ចាប់តាំងពីអំពីរដ្ឋប្រហារ បណ្ដេញគាត់ចេញពីតំណែង កាលពីអំឡុងឆ្នាំ២០០៦ រហូតមក ឥឡូវនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ វិលត្រឡប់មកកាន់ប្រទេសកំណើតវិញហើយ។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២២ ខែសីហា ថា ការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីការនិរទេសខ្លួន រយៈពេលជិត២០ឆ្នាំកន្លងមកនេះ តែងតែមានការសន្យាជាញឹកញាប់ ហើយគាត់ក៏ជាឥស្សរជនមួយរូប ត្រូវនិរទេសខ្លួនយ៉ាងយូរបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រថៃ។
មហិច្ឆតាខាងនយោបាយរបស់មហាសេដ្ឋីរូបនេះ នៅក្នុងការវិលត្រឡប់ មកចូលរួមបោះឆ្នោត អស់រយៈពេល២ទសវត្សរ៍កន្លងមកនេះ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ពីកងកម្លាំងអភិរក្ស ចាប់ពីរដ្ឋប្រហារយោធា ការកាន់កាប់ក្រសួងរដ្ឋាភិបាល និង អាកាសយានដ្ឋាន រហូតដល់សាលក្រមតុលាការដ៏ចម្រូងចម្រាស ដែលបានបណ្តេញនាយករដ្ឋមន្ត្រីចំនួន៣នាក់ និង ការរំលាយគណបក្សនយោបាយ ដែលគាំទ្រដោយលោក ថាក់ស៊ីន។
ឥឡូវនេះ លោក ថាក់ស៊ីន ត្រឡប់មកវិញហើយ ដោយសន្មត ថា ក្រោយការប្រឆាំងដ៏ស្ងាត់ៗជាមួយសត្រូវរាជានិយមរបស់គាត់ ដើម្បីកុំឱ្យគាត់ចាកចេញពីគុក។ គាត់មានទោសជាប់ពន្ធនាគារ រយៈពេលប្រហែល១០ឆ្នាំ ក្រោមការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌនានា ប្រឆាំងនឹងរូបគាត់។ ប៉ុន្ដែគាត់បានអះអាង ថា វាជាហេតុផលខាងនយោបាយ។
លោក ថាក់ស៊ីន ត្រូវគេរំពឹង ថា នឹងត្រូវបានបញ្ជូនបន្ត ចេញពីអាកាសយានដ្ឋាន ដុនមឿង (Don Mueang) ទៅកាន់តុលាការកំពូល ស្ថិតក្នុងទីក្រុងបាងកក ហើយបន្ដចេញពីទីនោះ ប្រហែលជាត្រូវចំណាយពេលមួយយប់ នៅក្នុងមន្ទីរពេទ្យពន្ធនាគារ ប៉ុន្ដែក៏គ្មានអ្នកណាម្នាក់ រំពឹងទុកជាមុន ថា គាត់នឹងត្រូវជាប់ឃុំយូរនោះដែរ៕










