ប្រទេសថៃ ៖ សារព័ត៌មានថៃបានធ្វើការជជែកជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរនៅប្រាសាទអង្គរវត្ត អង្គរធំ ប្រទេសកម្ពុជា ពាក់ព័ន្ធនឹងរឿងរូបសំណាកខ្មៅ «គ្រូកាយកែវ» ដែលពលរដ្ឋថៃអះអាងថា គ្រូកាយកែវ គឺជាព្រះ ឬជាគ្រូវេទមន្ត ឬជាព្រះគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៧ អតីតព្រះមហាក្សត្រកម្ពុជា ។ ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរបញ្ជាក់ថា គ្មានគ្រូកាយកែវនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាទេ ។
លោក អូផាត បានធ្វើមគ្គុទ្ទេសក៍ទេសចរណ៍នៅប្រាសាទអង្គរវត្តអស់រយៈជាង២០ឆ្នាំ លើកឡើងថា លោកមិនធ្លាប់បានឮឈ្មោះគ្រូកាយកែវទេ ហើយរូបសំណាកដែលកូនសិស្សគ្រូកាយកែវ យកទៅអះអាងថា ជាគ្រូកាយកែវនោះ ការពិត គឺជារូបចម្លាក់តាឥសីអង្គុយនៅប្រាសាទអង្គរវត្ត ហើយមិនមែនជាគ្រូកាយកែវទេ ។ អ្វីដែលបង្ហាញឡើងមកស្រដៀងនឹងស្លាបនេះ ការពិត វាមិនមែនជាស្លាបបក្សីទេ តែជាក្រណាត់បង់ក ។ រឿងរ៉ាវជាច្រើនដែលគេឃើញនៅលើជញ្ជាំងប្រាសាទអង្គរវត្ត អង្គរធំ គឺពាក់ព័ន្ធនឹងសាសនាហិណ្ឌូ ហើយរូបភាពទាំងនេះមិនមែនជាចម្លាក់ក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ទេ តែមានតាំងពីសម័យព្រះបាទជ័យវរ្ម័នទី២ មកម៉្លេះ ។
ចំណុចសំខាន់ គឺព្រះបាទជ័យវរ្ម័នទី៧ មានគ្រូតែ២រូបប៉ុណ្ណោះ គឺស្រីមាំងខាឡា រុតទេវៈ និងស្រីសាយៈ យ៉កទិទេវៈ ហើយតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន គ្មានពលរដ្ឋខ្មែរណាម្នាក់ស្គាល់គ្រូកាយកែវ ទេ ។ ប៉ុន្តែនៅពេលប្រទេសថៃល្បីល្បាញគ្រូកាយកែវ ហើយពលរដ្ឋថៃជាច្រើននាក់នាំគ្នាគោរពនោះ ខាងប្រទេសកម្ពុជាមិនពេញចិត្ត ដោយសារប្រទេសថៃយករឿងអសុរកាយទៅពាក់ព័ន្ធនឹងព្រះបាទជ័យវរ្ម័នទី៧ ដែលជាអតីតព្រះមហាក្សត្រកម្ពុជា ។
លោក អូផាត មគ្គុទ្ទេសក៍ទេសចរណ៍នៅប្រាសាទអង្គរវត្ត លើកឡើងថា ៖ «ពលរដ្ឋខ្មែរប្រាប់ថា ពួកគេមិនស្គាល់គ្រូកាយកែវទេ ហើយបើវាជាប្រវត្តិសាស្ត្ររបស់កម្ពុជាមែននោះ ដូច្នេះ ពលរដ្ឋខ្មែរត្រូវតែស្គាល់គ្រូកាយកែវ និងគោរពថ្វាយបង្គំ ។ ម្យ៉ាងទៀត ថៃលើកឡើងថា គ្រូរបស់ព្រះមហាក្សត្រ គឺជាទេវតាពាក់កណ្តាល និងអសុរកាយពាក់កណ្តាល គឺវាមិនល្អទេសម្រាប់កម្ពុជា» ។
ចំណែកលោក កាំងវ៉ុន ខាត់ឈីម៉ា ជាសាស្ត្រាចារ្យផ្នែកបុរាណវិទ្យា និងបានបង្រៀនភាសា និងវប្បធម៌ខ្មែរអស់ជាងរយៈពេល២០ឆ្នាំ ប្រាប់ថា លោកមិនធ្លាប់បានឮឈ្មោះគ្រូកាយកែវទេ និងគ្មានរឿងរ៉ាវគ្រូកាយកែវនៅក្នុងតម្រាពាក់ព័ន្ធនឹងវប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជាទេ ។ ចំណែករឿងតំណាលតៗគ្នារបស់ពលរដ្ឋ ក៏គ្មានដែរ ហើយរូបចម្លាក់នៅលើជញ្ជាំងប្រាសាទដែលគេឃើញនេះ គឺបង្រៀនពីការគ្រប់គ្រង និងគាតាព្រះវេទ ។
លោកគិតថា គ្រូកាយកែវ គ្មានពិតប្រាកដទេ ហើយរូបចម្លាក់នៅលើប្រាសាទអង្គរវត្ត អង្គរធំ និងតាមជញ្ជាំងប្រាសាទនានា ក៏មិនមែនជាគ្រូកាយកែវដែរ ប៉ុន្តែជារូបឥសី ហើយមិនដឹងថា ហេតុអ្វីបានជាគេអះអាង និងសាងសង់រូបសំណាក់គ្រូកាយកែវ ។ ហេតុនេះ គ្រូកាយកែវ គឺជាការប្រឌិតរឿងរ៉ាវឱ្យភ្ជាប់គ្នានឹងប្រវត្តិសាស្ត្រកម្ពុជា ដើម្បីឱ្យគេកាន់តែមានជំនឿ ។ វាមិនមែនជារឿងថ្មីទេ ព្រោះវាធ្លាប់ល្បីល្បាញបែបនេះម្តងហើយនៅប្រទេសថៃ ហើយក៏ស្ងាត់ទៅវិញ ប៉ុន្តែពេលនេះ ស្រាប់តែមានការព្យាយាមបង្កើតរឿងរ៉ាវគ្រូកាយកែវឡើងមក ៕










