ប្រទេសចិន៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ប្រទេសចិនគ្រោងនឹងសាងសង់ទីបញ្ចុះសពឌីជីថល ក្នុងគោលបំណងដើម្បីសន្សំទំហំដីដោយសារបច្ចុប្បន្នប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតដីក្នុងទីក្រុង។
Beijing Jiuli Digital Technology ដែលជាអ្នកផ្តល់សេវាបុណ្យសពតាមប្រព័ន្ធអេឡិចត្រូនិច កំពុងធ្វើការជាមួយមន្រ្តីទីក្រុងដើម្បីធ្វើឌីជីថលនៃឧស្សាហកម្មពិធីបុណ្យសព។ រដ្ឋាភិបាលចិនមើលឃើញការផ្លាស់ប្តូរនេះថាជាចំណុចចាំបាច់មួយដើម្បីរក្សាទុកដី និងសន្សំសំចៃថ្លៃដើម។
ទីបញ្ចុះសពឌីជីថលជាធម្មតាមានទំហំប្រហែល ២០ម៉ែត្រការ៉េ ដែលមានសមត្ថភាពផ្ទុកកោសិការហូតដល់ ១៥០។ ចំនួនអ្នកស្លាប់ប្រចាំឆ្នាំបានកើនឡើងដល់ ១០.៤ លាននាក់ក្នុងឆ្នាំ ២០២២ នេះបើយោងតាមការិយាល័យស្ថិតិជាតិ។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ពិធីបុណ្យសពឌីជីថលជាមធ្យមមានតម្លៃប្រហែល ៥៦,០០០ យន់ (ជាង ៧,៦០០ ដុល្លារ) ដែលជាតម្លៃត្រឹមតែមួយភាគបីនៃតម្លៃក្នុងការបញ្ចុះសពតាមប្រពៃណី។
ការបញ្ចុះសពឌីជីថលនេះនឹងបង្ហាញរូបភាព វីដេអូក្នុងការចងចាំរបស់អ្នកស្លាប់ក្នុងអេក្រង់អេឡិចត្រូនិចជំនួសឱ្យការដាក់ផ្នូរដើម្បីសន្សំទំហំដី និងបំពេញតម្រូវការនៃពិធីបុណ្យសពទំនើបនៅទីក្រុងប៉េកាំង។ ចំណែកឯសាកសពវិញគឺត្រូវដុតឱ្យក្លាយជាផេះ រួចរក្សាទុកក្នុងបន្ទប់ធំមួយជាមួយសាកសពដទៃទៀត។ គម្រោងឌីជីថលនេះនឹងអនុញ្ញាតឱ្យអតិថិជនបង្កើតកោះនិម្មិតជាមួយនឹងរូបភាព ទ្រព្យសម្បត្តិឌីជីថលតាមរយៈការចម្លងជាសំឡេង ការថតរូបភាពជាដើម ពួកគេអាចធ្វើអន្តរកម្មឌីជីថលជាមួយអ្នកស្លាប់ ចែករំលែករឿងរ៉ាវជីវិតរបស់ពួកគេ និងបញ្ជូនបន្តការបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ៕
ប្រភព៖cafef.com










