មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ បានធ្វើការអំពាវនាវដល់សាធារណជនទាំងអស់សូមកុំពិសារឬបរិភោគ រុក្ខជាតិ ឬ សត្វ ល្អិតដែលយើងមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមកព្រោះវាអាចបណ្តាលអោយប៉ះពាល់ដល់ សុខភាពរបស់លោកអ្នកយ៉ាងធ្ងន់ធ្ងរ និង អាចបណ្ដាលអោយបាត់បង់អាយុជីវិត។

ជាក់ស្ដែងកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋ ០២ នាក់ ប្តីប្រពន្ធ រស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសង្ស័យពុលចំណីអាហារ ដោយពួកគាត់ទាំងពីរនាក់ បានបរិភោគសត្វកំភេម ខ្មោច ដោយបុរសជាប្តីបរិភោគកំភេមខ្មោចចំនួន ០៣ ក្បាល និង ស្ត្រីជាប្រពន្ធបានបរិភោគកំភេមខ្មោច ចំនួន ០៥ ក្បាល។

បន្ទាប់ពីពួកគាត់ទាំងពីរនាក់បានបរិភោគរួចប្រមាណ ១០ នាទី ពួកគាត់មានអាការៈ រមាស់ ក្អួតចង្អោរ និង មានពងបែកក្នុងមាត់ ។ ទោះបីពួកគាត់ត្រូវបានខិតខំព្យាបាលដោយក្រុមគ្រូពេទ្យ យ៉ាងណាក៏ដោយក៏ពួកគាត់ទាំងពីរនាក់បានបាត់បង់អាយុជីវិតដែរ។

ដោយស្រ្តីជាប្រពន្ធបានស្លាប់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ និង បុរសជាប្ដីបានស្លាប់នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ កន្លងមក មន្ទីរសុខាភិបាលក៏បានសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះថ្នាក់ដោយបរិភោគរុក្ខជាតិដូចជា ផ្សិត ឬ ក៏សត្វល្អិតដែលបណ្ដាលអោយពុលអ្នកខ្លះអាចជួយសង្គ្រោះបាន និង អ្នកខ្លះទៀតមិនអាចជួយសង្គ្រោះបាន។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ក្រោមនេះជារូបភាពសត្វកំភេមខ្មោច ៕