លោក សាវិន ហ្វីលីព តារាសម្តែងជើងចាស់ល្បីឈ្មោះមួយរូបហើយជាតារាមួយដ៏គម្រូដោយប្រកាសមិនផ្សព្វផ្សាយស្រានិងល្បែង បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកផ្ទាល់ខ្លួនថា ឈុតក្រៅឆាកនៃអំពើហិ.ង្សាមិនគួរបង្ហោះជាសាធារណៈទេព្រោះជះឥទ្ធិពលមិនល្អដល់សង្គមជាតិជាពិសេសនាំឱ្យមនុស្សប្រុសមួយចំនួនយកគម្រូតាម។
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោក សាវិន ហ្វីលីព បានបង្ហោះសំណេរថា«ខ្ញុំដឹងថានេះជាឈុតក្រៅឆាកប៉ុន្តែឈុតឆាកបែបនេះមិនគួរផុសជាសាធារណៈទេ វានាំជះឥទ្ធិពលមិនល្អដល់សង្គមជាតិសោះនិងអាចធ្វើឱ្យមនុស្សប្រុសមួយចំនួនយកគំរូតាមក្នុងការប្រើអំពើហិង្សាលើស្រ្តីភេទដែលជាភេទទន់ខ្សោយប្រៀបដូចម្ដាយរបស់យើងផ្ទាល់ ការផុសបែបនេះអាចធ្វើឱ្យកើនទ្បើងបន្ថែមទៀតនូវអំពើហិង្សាក្នុងគ្រួសារ។ល។ ពុំគួរសុំអភ័យទោសផងបងៗផលិតករអើយ..»។
ការលើកឡើងរបស់តារាសម្តែងជើងចាស់រូបនេះធ្វើឡើងបន្ទាប់ពីមានផេកមួយឈ្មោះថា « Retvo Film (រ៉េតវ៉ូ ហ្វៀម)បានបង្ហោះវីដេអូក្រៅឆាកមួយដែលមានតួសម្តែងប្រុសចាប់បោចសក់ប្រើអំពើហិង្សាលើតួស្រី។
មិនត្រឹមតែលោក សាវិន ហ្វីលីព មិនគាំទ្រការបង្ហោះវីដេអូក្នុងរូបភាពអំពើហិង្សានេះប៉ុណ្ណោះទេ ងាកទៅកាន់អ្នកលេងបណ្តាញសង្គមវិញក៏បានបញ្ចេញមតិមិនគាំទ្រដូចគ្នា។ ពួកគេបានលើកឡើងថា «មិនគួរសម្តែងរឿងអំពើហិង្សាឱ្យក្មេងៗមើលឡើយរឿងបែបនេះ ដូចធ្វើឱ្យកាន់តែលើកកម្ពស់អំពើហិង្សាថែមទៀត , ដូចខ្វះរឿងសម្ដែង,រឿងល្អៗច្រើនណាស់មិចបានមិនយកមកសំដែង , រូបភាពនៃអំពើហិង្សាដែលក្មេងៗមិនគួរឃើញ ,លេងឱ្យកូនគាត់ជំនាន់ក្រោយធ្វើតាម, ជិតដេកគុកមួយទៀត , ហេតុតែចង់ល្បីបែបឆ្គួត»៕
		
	









