លោកជំទាវ ឃួន សុដារី កើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៥២នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកជំទាវជាស្រ្តីទីមួយដែលកាន់តំណែងជាអនុប្រធានទី២រដ្ឋសភាជាតិ ហើយក៏ជាតំណាងរាស្រ្តខេត្តកណ្តាលជាច្រើនអណត្តិផងដដែរ។
លោកស្រី ជានិស្សិតថ្នាក់បរិញ្ញាប័ត្រផ្នែកអក្សរសាស្រ្តពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចន្លោះឆ្នាំ១៩៧០-១៩៧៥ មុនពេលដែលលោកស្រីទៅបន្តការសិក្សានៅប្រទេសហុងគ្រី ក្នុងមុខជំនាញសញ្ញប័ត្រសារព័ត៌មាន។
កាលពីឆ្នាំ២០១៤លោកជំទាវ បានចាកចេញពីអនុប្រធានទី២ នៃរដ្ឋសភាម្តងរួចហើយ ដោយកាលនោះមានកិច្ចព្រមព្រៀងនយោបាយមួយ ដោយប្រគល់តំណែងឱ្យលោកកឹម សុខា ជាអនុប្រធានទី១រដ្ឋសភា ហើយឯកឧត្តម ងួន ញិល ដែលជាអនុប្រធានទី១ មកកាន់តំណែងរបស់លោកជំទាវវិញ។
ក្រោយចាចេញពីអនុប្រធានទី២ នៃរដ្ឋសភា លោកស្រីមិនបានកាន់មុខតំណែងវិញឡើយ ដោយធ្វើត្រឹមជាសមាជិកសភាធម្មតាតែប៉ុណ្ណោះ។
លុះដល់ពេលដែល លោកកឹម សុខា ត្រូវបានចាប់ខ្លួន និងគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល លោកលោកជំទាវ ឃួន សុដារី ក៏មកកាន់តំណែងជាអនុប្រធានទី២ នៃរដ្ឋសភាវិញ ដោយឯកឧត្តម ងួន ញិល ទៅធ្វើជាអនុប្រធានសភាទី១។
ថ្មីៗនេះ យោងតាមរយៈសារជាសំឡេងនៅយប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖”លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី ២ នៃរដ្ឋសភា នឹងក្លាយជាប្រធានរដ្ឋសភា នីតិកាលទី ៧ ដែលតំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុងឆ្នាំ ២០២១មកម្លេះ”។
សម្តេចក៏បានបន្ថែមទៀតថា៖” ចំណែកឯឯកឧត្ដម ជាម យៀប អនុប្រធានទី ១ នៅតែជាអនុប្រធានទី ១ដដែល និងឯកឧត្ដម វង សូត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយជាអនុប្រធានទី ២ នៃរដ្ឋសភា”៕










