ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសទុកពេល២៤ម៉ោងឱ្យបុគ្គលដែលប្រើពាក្យប្រមាថមាក់ងាយតារាចម្រៀង ស៊ឹម ថៃណា ចេញមកសូមទោសចំពោះមុខទោះលក្ខណៈឯកជនក៏បានប៉ុន្តែបុគ្គលរូបនោះមិនចេញមុខដោះស្រាយឡើយ ខណៈជំទាវ ចន ច័ន្ទ ប្រកាសថាអស់ឱកាសសូមទោសហើយគឺគ្រប់យ៉ាងធ្វើតាមនិតីវិធីច្បាប់។
កន្លងមកនេះមហាជនជ្រាបហើយថារឿងរ៉ាវអ្នកសិល្បៈគឺជាតារាចម្រៀង ស៊ឹម ថៃណា បានរងនូវពាក្យសម្តីមាក់ងាយពីបុគ្គលម្នាក់អំឡុងពេលបំពេញការងាររបស់ខ្លួននៅភោជនីដ្ឋានមួយកន្លែងដែលធ្វើមជ្ឈដ្ឋានចង្កោមសិល្បៈ និងមហាជនសម្តែងអារម្មណ៍មិនអាចទទួលយកបានឡើងដែលបុគ្គលនោះប្រើពាក្យមិនសមរម្យចំពោះស្រ្តីដែលមានការងារនៅពេលយប់។
រឿងរ៉ាវដ៏ក្តៅគគុកនេះប្រធានសមាគមសិល្បករខ្មែរក៏មិនឱបដៃឈរមើលដូចគ្នា គឺបានលូកដៃជួយតារាចម្រៀង ស៊ឹម ថៃណា ព្រមទាំងប្រកាសជាសាធារណឱ្យបុគ្គលនោះមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនសូមទោសកញ្ញា ថៃណា ចំពោះមុខលក្ខណៈឯកជនក៏បាន។ ប៉ុន្តែការទុកឱកាសនេះដែរ បុគ្គលនោះមិនព្រមចេញមកដោះស្រាយនោះទេ។
នៅយប់ថ្ងៃទី១០ ខែសីហា នៅលើបណ្តាញសង្គមប្រធានសមាគមសិល្បករខ្មែរបានសរសេរយ៉ាងដូច្នេះថា «២៤ម៉ោងត្រូវបានបញ្ចប់ ដូច្នេះពួកយើងធ្វើតាមនិតិវិធីច្បាប់ គ្មានការសុំទោសទៀតទេ»។ ជាមួយការបញ្ជាក់នេះក្នុងរូបភាពគេក៏ឃើញ ជំទាវចន ច័ន្ទ , តារាចម្រៀង ស៊ឹម ថៃណា ជួបពិភាក្សាជាមួយ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ផងដែរ។
គួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី៦ សីហា តារាចម្រៀង ស៊ឹម ថៃណា បាន live រៀបរាប់ទាំងទឹកភ្នែកដោយសម្តីក្តុកក្តួលក្រោយពីមានបុគ្គលម្នាក់ប្រើពាក្យមិនសមរម្យទាល់តែសោះមកលើខ្លួននាងដែលមានអាជីពបំរើការងារនៅពេលយប់ហើយក៏ជាលើកទីមួយនៅក្នុងជីវិតប្រឡូកអាជីពសិល្បៈ២០ឆ្នាំមកហើយដែលរងនូវពាក្យប្រមាថមាក់ងាយបែបនេះ មិនអាចទទួលយកបាននោះឡើយ៕  
		
	









