នៅលើបណ្តាញសង្គមទិកតុកហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា និង តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ នៅជាមួយគ្នាក្នុងក្លិបកម្សាន្តមួយកន្លែង។ ជាពិសេសមើលទៅពួកគេពិតជាមានភាពស្និទ្ធស្នាលគ្នាគួរឱ្យកត់សម្គាប់រហូតហ្វេនៗពោលថាគ្រូហើយនិងកូនសិស្សជួបគ្នា ខណៈកន្លងមកមហាជនបានសម្លឹងឃើញថា ទេព ពិសិដ្ឋ ជាពន្លកថ្មីខាងវិស័យចម្រៀងរ៉េបអាចនឹងបន្តតំណែងពី វណ្ណដា ទៀតផង។ លើសពីនេះក៏មានពាក្យចចាមអារ៉ាមនេះកើតឡើងផងដែរ។
កាលពីពេលថ្មីៗនេះ វណ្ណដា បានលេចវត្តមាននៅក្នុងក្លិបកម្សាន្តមួយដើម្បីមកចូលរួមទស្សនាការសម្តែងរបស់តារាចម្រៀងរ៉េប ខ្មែរមួយជីវិត ដែលទើបមកពីសហរដ្ឋអាម៉េរិកដើម្បីបំពេញតួនាទីជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រលងចម្រៀងមួយ។ មិនត្រឹមតែប៉ុណ្ណោះមានវីដេអូចែកចាយនៅលើបណ្តាញសង្គមឃើញពីភាពរីករាយរបស់ពួកគេនៅក្នុងក្លិបកម្សាន្តថែមទាំងឃើញវត្តមាន ទេព ពិសិដ្ឋ នៅទីនោះដែរ។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គេសង្កេតឃើញថា វណ្ណដា និង ទេព ពិសិដ្ឋ បាននៅជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាលទោះបីជាពួកគេស្ថិតក្នុងទ្រនំផ្សេងគ្នាក៏ដោយ។ ការជួបគ្នារបស់អ្នកទាំងពីរ ធ្វើឱ្យហ្វេនៗហាក់បង្ហាញអារម្មណ៍សប្បាយប្លែកព្រមទាំងនិយាយថាគ្រូហើយនិងសិស្សបានជួបគ្នាហើយ។ ការដែលហ្វេនៗអ្នកលេងបណ្តាញសង្គមមានការលើកឡើងបែបនេះដោយសារតែគេសង្កេតឃើញថា ទេព ពិសិដ្ឋ ជាពន្លកថ្មីនៅលើវិស័យរ៉េបដែលកន្លងមកនេះម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី២ រូបនេះបានទាញប្រជាប្រិយភាពគួរឱ្យកត់សម្គាល់តាមរយៈបទដូចជា «Money», « HOMETOWN» ជាដើមដោយរូបគេបានផ្លាស់ប្តូរពីការច្រៀងបែបមនោសញ្ចេតនាមកជាបទបែប hip hop វិញព្រមទាំងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនជាពិសេសពីបណ្តាយុវវ័យដែលទំនោរលើចង្វាក់ប្រភេទនេះ។
បន្ទាប់ពីសិស្សច្បង សិស្សប្អូនបានជួបគ្នានេះដែរ ក៏លេចពាក្យចចាមអារ៉ាមដែរថា ទេព ពិសិដ្ឋ ចង់ផ្តាច់ខ្លួនពីទ្រនំផងដែរ ខណៈចុងក្រោយនេះ ទេព ពិសិដ្ឋ បានទម្លាក់បទនៅលើឆាណែលយូធូបផ្ទាល់ខ្លួន។ ចំណែកឯខាងឆាណែលផលិតកម្មវិញចាប់តាំងពីទម្លាក់បទ « HOMETOWN» មកទល់ពេលនេះមានរយៈពេល៤ខែហើយពុំទាន់បានទម្លាក់បទថ្មី ទេព ពិសិដ្ឋ នោះទេ។
គួរបញ្ជាក់ផងដែរថា ដ្បិតតែ ទេព ពិសិដ្ឋ ជាតារាចម្រៀងវ័យក្មេងមែនពិតតែគេអាចផលិតបទចម្រៀងបានដោយខ្លួនឯងផងដែរ៕  
		
	









